(ប៉េកាំង)៖ ចិនដែលជាអ្នកជិតខាងរបស់កូរ៉េខាងជើងនោះ បានសម្រេចបញ្ឈប់ការឃ្លាំមើលជាតិវិទ្យុសកម្មរបស់ខ្លួន បន្ទាប់ពីពុំបានរកឃើញថា មានផលប៉ះពាល់ផ្នែកបរិស្ថានណាមួយនៅក្នុងប្រទេស បានកើតឡើងដោយសារតែការធ្វើតេស្តនុយក្លេអ៊ែរ របស់ទីក្រុងព្យុងយ៉ាង កាលពីជាងមួយសប្តាហ៍មុននោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០១៧។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងគាំពារបរិស្ថានចិន ការអង្កេតតាមដានរកជាតិវិទ្យុសកម្មខាងលើ ធ្វើឡើងនៅតាមព្រំដែនភាគឦសាននៃប្រទេសចិន ក្រោយពីប្រទេសកូរ៉េខាងជើងបានបំផ្ទុះសាកល្បងក្បាលគ្រាប់នុយក្លេអ៊ែរ ជាលើកទី០៦ កាលពីថ្ងៃទី០៣ ខែកញ្ញានេះ ត្រូវបានបិទបញ្ចប់ទៅវិញ កាលពីម៉ោង ៦៖០០នាទី ល្ងាចថ្ងៃអាទិត្យម្សិលមិញ ដោយពុំលទ្ធផលមិនប្រក្រតីណាមួយត្រូវបានរកឃើញឡើយ បន្ទាប់ពីបានចំណាយពេលតាមដានអស់ ០៨ថ្ងៃ។
គួរបញ្ជាក់ថា នៅពេលដែលកូរ៉េខាងជើងបានធ្វើតេស្តអាវុធនុយក្លេអ៊ែរ ដែលមានកម្លាំងខ្លាំងក្លាមហិកមា ជាងលើកណាៗបង្អស់របស់ខ្លួននោះ បានបង្កជាគ្រោះរញ្ជួយដីកម្រិត ៦.៣រ៉ិចទ័រឯណោះ ដែលមានជម្រៅសូន្យគីឡូម៉ែត្រ៕