(ដាម៉ាស)៖ ប្រជាជនស៊ីរីនៅក្នុងទីក្រុង ឌែរ អេស ហ្សរ (Deir ez-Zor) កំពុងរួមគ្នាអបអរក៏ដូចជាទទួលស្វាគមន៍យ៉ាងរីករាយ ចំពោះកងទ័ពរដ្ឋាភិបាលស៊ីរី បន្ទាប់ពីពួកគេបានវាយបណ្តេញពួកភេរវករ ISIS ចេញពីច្រកផ្លូវចេញចូលដ៏សំខាន់ នៅភាគខាងត្បូងនៃទីក្រុងដោយជោគជ័យ ខណៈនេះគឺជាជ័យជម្នះដ៏ធំលើកទីបីហើយ នៅក្នុងពេលត្រឹមមួយសប្តាហ៍ប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០១៧។
កាលពីថ្ងៃអង្គារសប្តាហ៍មុន កងកម្លាំងយោធាស៊ីរី ក៏បានបំបែករនាំងការពាររបស់ក្រុម ISIS នៅភាគខាងលិចរបស់ទីក្រុង Deir ez-Zor ផងដែរ ហើយប្រការនេះ បានអនុញ្ញាតឲ្យប្រជាជនស៊ីវិលទាំងអស់រស់នៅក្នុងទីក្រុង អាចទទួលបានជំនួយមនុស្សធម៌ពីរដ្ឋាភិបាលស៊ីរី រួមទាំងគណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម និងអឌ្ឍចន្ទក្រហមជាដើម។ ម៉្យាងវិញទៀត កាលពីថ្ងៃសៅរ៍សប្តាហ៍ដដែល កងទ័ពស៊ីរី ដែលគាំទ្រដោយកងយន្តហោះចម្បាំងរុស្ស៊ី បានវាយរំដោះយកព្រលានយន្តហោះនៃទីក្រុង Deir ez-Zor មកវិញបានសម្រេចរួមជាមួយ និងទាហានស៊ីរីជាង ១,០០០នាក់ ដែលជាប់គាំងនៅទីនោះចាប់តាំងពីខែមករាមកម្ល៉េះ។
គួរបញ្ជាក់ថា ក្រុមភេរវករ ISIS បានបន្តធ្វើការរាំងស្កាត់ច្រកចេញចូលនៃទីក្រុង Deir ez-Zor ចាប់តាំងតែពីឆ្នាំ២០១៤មក ដោយស្បៀងអាហារ ក៏ដូចជាបរិក្ខាផ្គត់ផ្គង់ដទៃៗទៀត អាចត្រូវបានបញ្ជូនទៅកាន់ទីនោះ តាមៈរយៈឧទ្ធម្ភាគចក្រតែប៉ុណ្ណោះ។ លើសពីនេះ ក្រុមភេរវករនេះ ក៏បានគ្រប់គ្រងកាន់កាប់តំបន់មួយភាគធំ នៃខេត្ត Deir ez-Zor និងកាត់ផ្តាច់ផ្លូវធ្វើដំណើរទៅកាន់ស្រុកនានា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលស៊ីរីផងដែរ៕