(សេអ៊ូល)៖ កូរ៉េខាងជើងនៅថ្ងៃចន្ទនេះបានព្រមានថា សហរដ្ឋអាមេរិកនឹងទទួលរងការឈឺចាប់បំផុត បើសិនជានៅតែចចេសជំរុញឱ្យអង្គការសហប្រជាជាតិ ដាក់ទណ្ឌកម្មប្រឆាំងនឹងរបបដឹកនាំ លោក គីម ជុងអ៊ុន សម្រាប់ការធ្វើតេស្ដអាវុធនុយក្លេអ៊ែរជាលើកទី០៦។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia ដកស្រង់ពី Reuters នៅព្រឹកថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០១៧។
ការព្រមានរបស់ទីក្រុងព្យុងយ៉ាង ធ្វើឡើងខណៈសហរដ្ឋអាមេរិក បានស្នើទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីសប្ដាហ៍មុន ឱ្យអនុម័តការដាក់ទណ្ឌកម្មធ្ងន់ធ្ងរបំផុតនៅថ្ងៃចន្ទនេះ (ម៉ោងនៅសហរដ្ឋអាមេរិក) ជាការឆ្លើយតបទៅនឹងការបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរកូរ៉េខាងជើង កាលពីថ្ងៃទី០៣ ខែកញ្ញា។ តែយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងបានអះអាងថា ប្រទេសលោកនឹងសងសឹកសហរដ្ឋអាមេរិកវិញ បើសិនជាទណ្ឌកម្មត្រូវបានអនុម័តមែននោះ។
រដ្ឋមន្ត្រីកូរ៉េខាងជើង បានបញ្ជាក់យ៉ាងខ្លីដូច្នេះថា «វិធានការលើកក្រោយរបស់កូរ៉េខាងជើង នឹងធ្វើឱ្យសហរដ្ឋអាមេរិកទទួលរងការឈឺចាប់ ដែលមិនធា្លប់ជួបនៅក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ។
គួរបញ្ជាក់ថា សេចក្ដីស្នើដាក់ទណ្ឌកម្មស្នើឡើងដោយហរដ្ឋអាមេរិក គឺផ្ដោតសំខាន់លើវិស័យប្រេង ការនាំចេញវាយភ័ណ្ឌរបស់កូរ៉េខាងជើង និងការបង្កកទ្រព្យសម្បត្តិ លោក គីម ជុងអ៊ុន ជាដើម។ ក៏ប៉ុន្តែគេមិនទាន់ដឹងថា ចិន និងរុស្ស៊ីអាចនឹងបោះឆ្នោតគាំទ្រលើដំណោះស្រាយ ដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ឬយ៉ាងណានោះទេ ស្របពេលដែលពួកគេសុទ្ធតែមិន ចង់ឃើញរបបដឹកនាំទីក្រុងព្យុងយ៉ាងចលាចល៕