(រ៉ង់ហ្គូន)៖ ខណៈអំពើហិង្សា និងការរត់ភៀសខ្លួនរបស់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា នៅភាគខាងជើងឈៀងខាងលិចប្រទេសមីយ៉ាន់ម៉ា មិនទាន់មានដំណោះស្រាយឲ្យបានសមរម្យផងនោះ ឥឡូវនេះភាពចលាចលបានកើតមានឡើងបន្ថែមទៀត នៅភាគកណ្តាលប្រទេសវិញម្តង ដោយក្រុមមិនស្គាល់អត្តសញ្ញាណសរុបមានគ្នា ៥០នាក់ បានដើរបង្កភាពអាណាធិបតេយ្យយ៉ាងខ្លាំងតែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០១៧។
ក្រុមមនុស្សខាងលើនេះ បានដើរតាមដងផ្លូវនៅក្នុងតំបន់ ម៉ាកវ៉ាយ (Magway) ភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា រួចក៏យកដុំថ្មគប់ទៅលើលំនៅឋាន និងហាងលក់ដូរទំនិញនានា នៅតាមដងផ្លូវ ម៉ាវវ៉ាយ និង តងដ្វីនយី (Mayway-Taungdwingyi) នៅក្នុងតំបន់ខាងលើនេះ នៅវេលាម៉ោងប្រមាណជា ៨៖០៥នាទីយប់ថ្ងៃអាទិត្យ បណ្តាលឲ្យមានការភ្ញាក់ផ្អើល និងខូចខាតទ្រព្យសម្បត្តិជាច្រើន។
ក្រោយមកទៀត នៅវេលាម៉ោង ៩៖០០នាទីយប់ថ្ងៃដដែល ក្រុមមនុស្សផ្សេងទៀត ដែលមានគ្នាប្រមាណ ៧០នាក់ បានប្រដាប់ខ្លួនឯងដោយកាំភ្លើង និងដុំថ្មប្រមូលផ្តុំនៅទិសខាងជើងនៃព្រះវិហារមួយ ដែលទាក់ទាញឲ្យប្រជាជនជាង ៤០០នាក់ចោមរោមមើល និងមានស្ថានភាពតានតឹងខ្លាំងនាពេលនោះ។
គួរបញ្ជាក់ថា ប៉ូលិសមីយ៉ាន់ម៉ា ក្រោយពីបានដឹងពីអំពីភាពចលាចល ដោយសារក្រុមដើរបំផ្លាញទ្រព្យសម្បត្តិសាធារណៈខាងលើនេះ ខ្លួនក៏បានបញ្ជូនកម្លាំងទៅបង្ក្រាប និងចាប់បានជនបង្កមួយចំនួននៅហ្នឹងកន្លែង។ រហូតទល់នឹងពេលនេះ គេនៅមិនទាន់ដឹងអំពីចេតនា និងក្រុមណាមួយដែលស្ថិតនៅពីក្រោយការបង្កអសន្តិសុខក្នុងសង្គមនេះឡើយ៕