(វ៉ាស៊ីនតោន)៖ អាជ្ញាធរអាមេរិក បានឱ្យដឹងថាផ្ទះសម្បែងប្រជាជន និងហាងលក់ដូរច្រើនជាង ១៩៥,០០០ខ្នង ដាច់ចរន្តអគ្គិសនីប្រើប្រាស់ ខណៈខ្យល់ព្យុះហឺរីខិន Irma ធ្វើដំណើរមកដល់ ចំងាយ១៤៤ គីឡូម៉ែត្រពីទីក្រុង Key West នៃរដ្ឋផ្លូរីដា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន USA TODAY នៅថ្ងៃអាទិត្យ ទី១០ ខែកញ្ញា ឆ្នាំ២០១៧។
ជាមួយគ្នានោះ អភិបាលរដ្ឋផ្លូរីដា លោក Rick Scott បានប្រាប់ឱ្យប្រជាជនដែលត្រូវបានបង្គាប់ឱ្យចាកចេញពីផ្ទះសម្បែងរបស់ខ្លួន ត្រូវតែធ្វើដំណើរទៅកាន់ជម្រក ស្នាក់នៅបណ្ដោះអាសន្ន ដើម្បីគេចចេញពីគ្រោះថា្នក់។ យោងតាមអភិបាលរដ្ឋផ្លូរីដា លោក Rick Scott វាយឺតពេលបន្តិចទៅហើយក្នុងការគេចចេញពីតំបន់គ្រោះថ្នាក់ ប៉ុន្តែអាជ្ញាធរបានត្រៀមខ្លួនរួចស្រេច ការពារសុវត្ថិភាពប្រជាជនតាមដែល អាចធ្វើទៅបាន ដូច្នេះប្រជាជនដែលត្រូវបង្គាប់ឱ្យជម្លៀសខ្លួនត្រូវតែចាកចេញពីផ្ទះរបស់ពួកគេទៅកាន់ទីជម្រកបណ្ដោះអាសន្ន។ លោក Rick Scott បានបន្ថែមទៀតថា ប្រជាជន៦.៣លាននាក់ ឬច្រើនជាង២៥ភាគរយ នៃប្រជាជនអាមេរិកក្នុងរដ្ឋផ្លរីដា ត្រូវបានបង្គាប់ឱ្យជម្លៀសខ្លួន និងជិត៣.៤លាននាក់អាចនឹងប្រឈមមុខគ្មាន អគ្គិសនីប្រើប្រាស់។
គួរបញ្ជាក់ថា ខ្យល់ព្យុះហឺរីខិន Irma ដែលបានវាយប្រហារបណ្តាប្រទេសនៅក្នុងសមុទ្រការីបៀន បានសម្លាប់មនុស្ស ២០នាក់ និងកំពុងចាប់ផ្ដើមវាយប្រហារលើរដ្ឋផ្លូរីដា ជាមួយល្បឿន ខ្យល់បក់អតិបរាម៉ា១៩៣គីឡូម៉ែត្រក្នុងមួយម៉ោង។ ដោយឡែកកាលពីប៉ុន្មានសប្ដាហ៍មុន ខ្យល់ព្យុះ Hurricane Harvey ដែលបានវាយប្រហារមកលើរដ្ឋតិចសាស់តាំងតែពីថ្ងៃទី២៥ ខែសីហា និងបានបង្កជាទឹកជំនន់អាក្រក់បំផុតនៅក្នុង ប្រវត្តិសាស្ត្រអាមេរិក អស់រយៈពេល ៥០ឆ្នាំមកនេះ បានបង្ខំឱ្យអាជ្ញាធរជម្លៀសមនុស្សជាង ១លាននាក់ ទៅកាន់កន្លែងមានសុវត្ថិភាព, ផ្ទះជាង ២០០,០០០ខ្នង ត្រូវបានបំផ្លាញ និងមនុស្ស៦០នាក់បានបាត់បង់ជីវិត។ គ្រោះមហន្តរាយធម្មជាតិទាំងនេះ កើតឡើយនៅចំពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រេចចិត្តដកសហរដ្ឋអាមេរិកពីកិច្ចព្រមព្រៀងស្ដីពីបម្រែប្រួលអាកាសធាតុទីក្រុងប៉ារីស៕