(ម៉ិចស៊ីកូ)៖ អាជ្ញាធរម៉ិចស៊ីកូ បានឱ្យថាចំនួនអ្នកសា្លប់ដោយសារគ្រោះរញ្ជួយដីកំរិត៨.១រ៉ិចទ័រ ដែលបានវាយប្រហារមកលើតំបន់ឆ្នេរភាគខាងត្បូង នៃប្រទេសកាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅ បានកើនដល់៦៥នាក់ហើយ ខណៈមនុស្ស២០០នាក់បានរងរបួស និងជិតមួយលាននាក់គ្មានអគ្គិសនីប្រើប្រាស់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី១០ ខែកញ្ញា ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរ ប្រធានាធិបតីម៉ិចស៊ីកូ លោក Enrique Pena Nieto បានប្រកាសកាន់ទុក្ខរយៈពេលបីថ្ងៃនៅទូទាំងប្រទេស ស្របពេលព្យុះ Hurricane Katia បាននិងកំពុងវាយប្រហារ លើតំបន់ឆ្នេរភាគខាងកើតកាលពីថ្ងៃសៅរ៍ មុននឹងវាប្រែក្លាយជាព្យុះត្រូពិចវិញ ក៏ប៉ុន្តែក្រុមអាជ្ញាធរព្រួយបារម្ភថា ព្យុះមួយនេះអាចនឹងបង្ក ជាគ្រោះរអិលបាក់ដី និងទឹកជំនន់។ ដោយឡែក ក្រៅតែពីបានផ្ដាច់យកអាយុជីវិតមនុស្ស គ្រោះរញ្ជួយដីដ៏ប្រល័យនេះ ក៏បានបំផ្លាញទាំងស្រុងអគារជាង៤០០ខ្នង និងប្រមាណ១,៧០០ខ្នងទៀតបានទទួលរងការខូចខាតព្រមទាំងធ្វើឱ្យ ប្រជាជានជិត១លាននាក់គ្មានអគ្គិសនីប្រើប្រាស់ផងដែរ រីឯក្រុមអ្នកជួយសង្រ្គោះ កំពុងបន្តការងាររបស់ពួកគេនៅឡើយ។
គួរបញ្ជាក់ថា ចំណុចរញ្ជួយរបស់គ្រោះរញ្ជួយដីនេះមានជម្រៅ៣៣គីឡូម៉ែត្រក្រោមផ្ទៃសមុទ្រនៅចម្ងាយ១២៣គីឡូម៉ែត្រភាគនិរតី ពីទីក្រុង Pijijiapan នៃរដ្ឋ Chiapas ហើយបើតាមទីភ្នាក់ ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក (USGS) វាមានកម្រិត៨.១រ៉ិចទ័រ តែលោក Enrique Pena Nieto បានអះអាងថា វាមានកម្រិត៨.២រ៉ិចទ័រ គឺខ្លាំងក្លាជាងគេបង្អស់ប្រចាំប្រវត្តិសាស្រ្តម៉ិចស៊ីកូ ក្នុងអំឡុងពេលមួយសតវត្សរ៍កន្លងទៅនេះ ដោយកម្រិតរញ្ជួយរបស់វា ធំជាងគ្រោះរញ្ជួយដីកាលពីឆ្នាំ១៩៨៥ ដែលបានឆក់យកជិវិតមនុស្សយ៉ាងតិច៥,០០០នាក់ នៅតាមបណ្តារដ្ឋចំនួន០៤របស់ម៉ិចស៊ីកូទៅទៀត៕