(អាមេរិក)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានឲ្យដឹងថា ក្នុងពេលមិនដល់មួយសប្តាហ៍ឡើយ ព្រះអាទិត្យ បានបញ្ចេញបន្ទុះកម្តៅ (Solar Flare) ដល់ទៅ ០៦ដងឯណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសៅរ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០១៧។
បើតាម NASA ផ្កាយដែលប្រៀបដូចជាបាល់ភ្លើងយក្សរបស់យើង បានបញ្ចេញបំផ្ទុះកម្តៅកម្រិតមធ្យមមួយ កាលពីថ្ងៃទី០៨ ខែកញ្ញាសប្តាហ៍នេះ ដែលវាគឺជាលើក០៦ និងកើតឡើងនៅចំតំបន់សកម្មដដែល ដូចទៅនឹងបន្ទុះកម្តៅចំនួន ០៥ផ្សេងទៀត គិតចាប់តាំងតែពីថ្ងៃទី០៤ ខែកញ្ញា ដើមសប្តាហ៍នេះមក។
គួរបញ្ជាក់ថា តំបន់សកម្មមួយនៅលើផ្ទៃរបស់ព្រអាទិត្យ បានបន្តបាញ់បញ្ជូនបន្ទុះកម្តៅរបស់វា សំដៅមកកាន់ផែនដី ចាប់តាំងពីថ្ងៃចន្ទសប្តាហ៍ដើមនេះម្ល៉េះ។ បន្ទុះទាំងនេះ គឺជាការផុសច្រាលឡើង នៃជាតិវិទ្យុសកម្មរបស់ព្រះអាទិត្យ ហើយទោះបីជាពួកវាមិនអាចឆ្លងផុតបរិយាកាសផែនដី ដើម្បីបង្កផលប៉ះពាល់ដល់មនុស្សដោយផ្ទាល់ក៏ដោយ ក៏បន្ទុះ Solar Flare នេះអាចកាត់ផ្តាច់រលកសញ្ញានៃប្រព័ន្ធទាក់ទង ក្នុងទ្រង់ទ្រាយធំបាន៕