(តូក្យូ)៖ យន្តហោះចម្បាំងជប៉ុនធុន F-15 នាថ្ងៃសោរ៍នេះ បានចេញធ្វើសមយុទ្ធតាមផ្លូវអាកាស ជាមួយយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរអាមេរិកធុន B-1B នៅលើដែនសមុទ្រចិនខាងកើត ចំពេលកូរ៉េខាងជើង ប្រារព្ធខួប នៃថ្ងៃបង្កើតរបបដឹកនាំរបស់ខ្លួន។ នេះបើតាមការឲ្យដឹងពីកងកម្លាំងស្វ័យការពារដែនអាកាសជប៉ុន (ASDF) នៅរសៀលថ្ងៃសៅរ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០១៧។
សមយុទ្ធយោធាខាងលើ ធ្វើឡើងដោយមានការចូលរួមពីសំណាក់ យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្រ្ត B-1B របស់កងទ័ពជើងអាកាសសហរដ្ឋអាមេរិក ដែលបានធ្វើដំណើរមកពីមូលដ្ឋានទ័ព អាន់ដឺសិន (Andersen) នៅឯកោះហ្គាំ (Guam) លើផ្ទៃមហាសាគរប៉ាស៊ីហ្វិក រួមទាំងយន្តហោះចម្បាំងជប៉ុនចំនួន ០២គ្រឿងទៀតធុន F-15។
ក្រៅពីនេះកាលពីថ្ងៃទី៣១ ខែសីហាកន្លងទៅ កងយន្តហោះចម្បាំង F-15 របស់ជប៉ុន ក៏បានធ្វើសមយុទ្ធយោធាលើដែនអាកាស ជាមួយយន្តហោះទម្លាក់គ្រាប់បែក B-1B និងយន្តហោះចម្បាំង F-15 របស់អាមេរិកផងដែរ នៅភាគខាងត្បូងតំបន់ឧបទ្វីបកូរ៉េ ពីរថ្ងៃក្រោយពីកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងមួយគ្រាប់ ហោះរំលងភាគខាងជើងជប៉ុនយ៉ាងគគ្លើន។
គួរបញ្ជាក់ថា ការធ្វើសមយុទ្ធយន្តហោះចម្បាំង និងយន្តហោះចម្បាំងទម្លាក់គ្រាប់ចុងក្រោយបំផុត របស់សម្ព័ន្ធមិត្តទាំងពីរ ប្រព្រឹត្តទៅស្របពេលដែលប្រទេសកូរ៉េខាងត្បូង កំពុងត្រៀមខ្លួនប្រឈមមុខ នឹងការធ្វើតេស្តគ្រាប់មីស៊ីលជាបន្តបន្ទាប់ទៀត របស់ទីក្រុងព្យុងយ៉ាង ខណៈរដ្ឋកុម្មុយនិស្ត ប្រារព្ធខួបកំណើតនៃថ្ងៃបង្កើតរបបរបស់ខ្លួនប៉ុន្មានថ្ងៃក្រោយ ការធ្វើតេស្តលើកទី០៦ និងខ្លាំងក្លាបំផុត នៃអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង ដែលបានធ្វើឲ្យរង្គោះរង្គើរទីផ្សារហិរញ្ញវត្ថុសកលលោក ហើយបានដុតរោលភាពតានតឹង នៅក្នុងតំបន់កាន់តែក្តៅថែមទៀត៕