(សេអ៊ូល)៖ ការដាក់ទណ្ឌកម្មជាឯកតោភាគីជាច្រើនរួចមកហើយ ពីសំណាក់រដ្ឋបាលអាមេរិកនៅមិនទាន់គ្រប់គ្រាន់នោះឡើយ ដោយនៅថ្ងៃនេះអាមេរិកបានប្រកាសថា សំណើជាផ្លូវការត្រូវបានបញ្ជូនទៅដល់ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UNSC) ហើយ ដើម្បីអំពាវនាវឲ្យគ្រប់គ្នាបោះឆ្នោតគាំទ្រសេចក្តីព្រាងទណ្ឌកម្មថ្មីមួយ ដើម្បីបន្ថែមសម្ពាធធ្ងន់ធ្ងរជាងមុន ទៅលើរបបកុម្មុយនិស្តទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន យ៉ុនហាប់ នារសៀលថ្ងៃសៅរ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០១៧។
បេសកកម្មអាមេរិក ទៅកាន់អង្គការសហប្រជាជាតិ បានចេញនូវសេចក្តីថ្លែងការណ៍មួយ ដោយបានបញ្ជាក់ថា ខ្លួនបានស្នើឲ្យ UNSC រៀបចំការបោះឆ្នោតមួយ នៅថ្ងៃទី១១ ខែកញ្ញា សប្តាហ៍ក្រោយនេះ ដើម្បីបោះឆ្នោតសម្រេចទៅលើសេចក្តីព្រាងចុងក្រោយ ក្នុងគោលដៅបន្ថែមទណ្ឌកម្មកាន់តែខ្លាំងជាងមុន ទៅលើប្រទេសកូរ៉េខាងជើង។ សម្រាប់ទណ្ឌកម្មថ្មីៗបន្ថែមទៀតនេះរួមមាន ការហាមឃាត់ការនាំចូលប្រេងទៅទីក្រុងព្យុងយ៉ាង, ការបង្អកទ្រព្យសម្បត្តិ លោក គីម ជុងអ៊ុន, និងហាមឃាត់ការនាំចេញវាយនភណ្ឌពីកូរ៉េខាងជើង។
គួរបញ្ជាក់ថា បើតាមប្រភពពីអ្នកជំនាញការទូតមួយរូប ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ AFP ថា ប្រទេសចិន និងរុស្ស៊ី ដែលនៅតែមានសម្ព័ន្ធភាពជិតស្និទ្ធជាមួយទីក្រុងព្យុងយ៉ាងនោះ អាចនឹងមិនបោះឆ្នោតគាំទ្រតែទៅលើចំណុចទាំងអស់ ដោយសារតែវាប៉ះពាល់ផលប្រយោជន៍របស់ពួកគេរៀងៗខ្លួន ប៉ុន្តែសម្រាប់ចំណុចរឿងហាមឃាត់ ការនាំចេញវាយនភណ្ឌរបស់កូរ៉េខាងជើងនោះ ត្រូវបានគេប៉ាន់ស្មានថា ប្រទេសរុស្ស៊ី និងចិន នឹងមិនមានការជំទាស់នោះឡើយ៕