(ប៊ែរឡាំង)៖ កាលពីលើកមុនក្រុមភេរវករ ISIS បានបំពាក់គ្រឿងផ្ទុះកែច្នៃ ទៅលើឧបករណ៍ដ្រូន (Drone) ដែលដាក់លក់ពាសពេញនៅលើទីផ្សារ ដើម្បីធ្វើសកម្មភាពវាយប្រហារភេរវកម្ម ក៏ប៉ុន្តែការគំរាមកំហែងបន្ទាប់ទៀត អាចនឹងកើតចេញពីការទម្លាក់គ្រាប់បែក ដែលផ្ទុកសារធាតុវិទ្យុសកម្ម ពីលើយានគ្មានមនុស្សបើកតម្លៃថោកៗទាំងនេះ។ នេះបើតាមសម្តីភ្នាក់ងារចារកម្មអាល្លឺម៉ង់ ដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០១៧។
ថ្លែងក្នុងកិច្ចប្រជុំស្តីចារកម្ម និងសន្តិសុខជាតិ នៅឯរដ្ឋធានីវ៉ាស៊ីនតោន នៃសហរដ្ឋអាមេរិក លោក ហ្វ្រីឌ្រីច ក្រូមមែស (Friedrich Grommes) មន្រ្តីជាន់ខ្ពស់នៃទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាល្លឺម៉ង់ បានលើកឡើងថា «ឧបករណ៍ដ្រូន ដែលដាក់លក់ពេសពេញទីផ្សារទូទាំងពិភពលោក ដែលមានផ្ទុកកាមេរ៉ានោះ ក៏មានសមត្ថភាពទម្លាក់គ្រឿងផ្ទុះកែច្នៃ ដែលមានសារធាតុវិទ្យុសកម្មមួយចំនួនផងដែរ»។
មួយវិញទៀត យោងតាមគណៈកម្មាធិការនិយ័តកម្មនុយក្លេអ៊ែរអាមេរិក ទោះបីជាមនុស្សមួយចំនួនតូច ទទួលរងផលប៉ះពាល់ក៏ដោយ ការទម្លាក់គ្រាប់បែកប្រភេទកែច្នៃនេះ ឬ RDD បម្រើទាំងស្រុងឲ្យគំនិតនៃទង្វើភេរវកម្ម។ ដោយឡែក RDD ភាគច្រើនមិនអាចបញ្ចេញជាតិវិទ្យុសកម្មគ្រប់គ្រាន់ ដែលសម្លាប់ជីវិតមនុស្ស ឬក៏បង្កជាជម្ងឺធ្ងន់ធ្ងរនោះឡើយ តែការផ្ទុះបស់វាផ្ទាល់ នឹងបង្កគ្រោះថ្នាក់ជាជាងសារធាតុវិទ្យុសកម្មទាំងនោះទៅទៀត៕