(បង់ក្លាដែស)៖ ជនជាតិដើមរ៉ូហ៊ីងយ៉ា (Rohingya) ប្រមាណ ២៧០,០០០នាក់ហើយ បានរត់មកជ្រកកោននៅប្រទេសបង់ក្លាដែស ក្នុងអំឡុងពេលពីរសប្តាហ៍កន្លងទៅនេះ។ នេះបើតាមការឲ្យដឹងពី ទីភ្នាក់ងារជនភៀសខ្លួននៃអង្គការសហប្រជាជាតិ ដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០១៧។
យោងតាមសេចក្តីប្រកាសរបស់ ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន (UNHCR) តួលេខខាងលើនៃចំនួនជនជាតិ រ៉ូហ៊ីងយ៉ា ដែលបានភៀសខ្លួនទៅកាន់បង់ក្លាដែស ចាប់តាំងតែពី អំពើហិង្សាបានផ្ទុះឡើងនៅរដ្ឋរ៉ាឃីន Rakhine ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៥ ខែសីហានោះ គឺបានកើនឡើងពីចំនួន ១៦៤,០០០នាក់ នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បន្ទាប់ពីគេបានប្រទះឃើញជនជាតិដើម រ៉ូហ៊ីងយ៉ាង មួយក្រុមធំនៅតំបន់ព្រំដែន។
លោកស្រី Vivian Tan អ្នកនាំពាក្យ UNHCR បានថ្លែងថា «ចំនួននៃជនភៀសខ្លួនរ៉ូហ៊ីងយ៉ានេះ កំពុងតែបង្កក្តីព្រួយបារម្ភខ្លាំងក្រៃលែង ដោយវាមានន័យថា UN ត្រូវបានបង្កើនវិធានការឆ្លើយតបចំពោះបញ្ហានេះ ហើយស្ថានការណ៍នៅមីយ៉ាន់ម៉ា ត្រូវតែលើកយកមកពិភាក្សាគ្នាជាបន្ទាន់ មិនអាចពន្យាពេលទៀតបាននោះឡើយ»។
គួរបញ្ជាក់ថា សកម្មភាពភៀសខ្លួនរបស់ជនជាតិដើមមូស្លីម រ៉ូហ៊ីងយ៉ា ចុងក្រោយបំផុតបានចាប់ផ្តើម កាលពី ០២សប្តាហ៍មុន បន្ទាប់ក្រុមសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ា បានបើកការវាយប្រហារទៅលើមូលដ្ឋានរបស់កងកម្លាំងសន្តិសុខ នៅរដ្ឋ Rakhine នៃប្រទេសមីយ៉ាន់ម៉ា ដែលទង្វើនេះបានបណ្តាលឲ្យកងទ័ពរដ្ឋាភិបាល ធ្វើការវាយបកសងសឹកមកវិញ ហើយផ្តាច់ជីវិតមនុស្សយ៉ាងតិចណាស់ក៏ ៤០០នាក់ដែរ។
ជុំវិញព័ត៌មានដែលរសើបបំផុត និងធ្វើឲ្យរង្គោះរង្គើដល់ភាពជាអ្នកដឹកនាំ របស់លោកស្រី អោងសាន ស៊ូជី នេះគេនៅមិនទាន់ឃើញម្ចាស់ពានរង្វាន់ណូបែលសន្តិភាពរូបនេះ បង្ហាញនូវផែនការដោះស្រាយបញ្ហា ឬមួយក៏ចំណាត់ការណាមួយ ដើម្បីលុបបំបាត់ការរិះគន់ពីអន្តរជាតិ និងដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាពនៅឡើយទេ។ ប្រការនេះបាននាំឲ្យមនុស្សប្រមាណជា ៣៥០,០០០នាក់ បាននំាគ្នាចុះហត្ថលេខាលើញត្តិមួយតាមបណ្ដាញអ៊ីនធើណែត អំពាវនាវឱ្យគណៈកម្មាធិការពានរង្វាន់ណូបែល ដកយកពានរង្វាន់ណូបែលសន្តិភាព ពីលោកស្រី អោង សានស៊ូជី នៅក្នុងបរិបទដែលសាធារណមតិអន្តរជាតិមួយចំនួន បានចោទប្រកាន់មាតាប្រជាធិបតេយ្យមីយ៉ាន់ម៉ារូបនេះថា បានបរាជ័យក្នុងការការពារជនជាតិដើមភាគតិច មូស្លីមរ៉ូហ៊ីងយ៉ា នៅក្នុងរដ្ឋរ៉ាឃីន៕