(អាមេរិក)៖ សហរដ្ឋអាមេរិកកំពុងបញ្ជូននាវាដឹកយន្តហោះចម្បាំងមួយគ្រឿង ចេញពីកំពង់ផែ នៅរដ្ឋ Virginia ឆ្ពោះទៅកាន់ទីក្រុង Sasebo ប្រទេសជប៉ុន ដើម្បីចូលរួមជាមួយអង្គភាពរបស់ កងទ័ពជើងទឹកអាមេរិកនៅទីនោះ និងនាំយកយន្តហោះចម្បាំងដ៏ទំនើបជំនាន់ចុងក្រោយគេបំផុត របស់ទីក្រុងវ៉ាស៊ីនតោន ទៅទ្វារក្រោយផ្ទះរបស់កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០១៧។
The Wasp គឺជាឈ្មោះនៃប្រភេទនាវាដឹកយន្តហោះចម្បាំងអាមេរិក ដែលពុំសូវមានទីធ្លាធំទូលាយ សម្រាប់ឲ្យយន្តហោះចម្បាំង ធ្វើការហោះចាកចេញ ឬក៏ចុះចតប៉ុន្មាននោះឡើយ បើធៀបទៅនឹងប្រភេទនាវាដឹកយន្តហោះចម្បាំងដទៃទៀត ដូចជា Nimitz ជាដើម ក៏ប៉ុន្តែនាវាមួយគ្រឿងនេះ នឹងនៅតែនាំយកក្រុមយន្តហោះចម្បាំងធុន F-35B ដែលមានសមត្ថភាពសាកសពនឹងកាលៈទេសៈនេះ (ប្រើចម្ងាយខ្លីដើម្បីហោះឡើង និងចុះចតដូចឧទ្ធម្ភាគចក្របាន) ទៅកាន់ទីតាំងប្រតិបត្តិការរបស់អង្គភាព 7th Fleet របស់កងទ័ពជើងទឹកអាមេរិក នៅជប៉ុន។
គួរបញ្ជាក់ថា យន្តហោះចម្បាំងធុន F-35 រហូតដល់ ១០០គ្រឿង ត្រូវគេរំពឹងនឹងធ្វើការហោះហើរ ក្រឡឹងក្បែរៗតំបន់ឧបទ្វីបកូរ៉េ ក្នុងអំឡុងពេលប៉ុន្មានឆ្នាំខាងមុខ បន្ទាប់ពីទីក្រុងសេអ៊ូលក៏ដូចជាទីក្រុងតូក្យូ បានយល់ព្រមទិញយន្តហោះធុននេះជាង ៤០គ្រឿងថែមទៀត ពីក្រុមហ៊ុនផលិតយន្តហោះអាមេរិក Lockheed Martin៕