(ម៉ិចស៊ីកូ)៖ មនុស្សយ៉ាងហោចណាស់ចំនួន ៣២នាក់ហើយបានស្លាប់ ក្រោយពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមហិកមាមួយ បានអង្រួនឆ្នេរភាគខាងត្បូង ប្រទេសម៉ិចស៊ីកូ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Russia Today (RT) នៅយប់ថ្ងៃសុក្រ ទី០៨ ខែកញ្ញា ឆ្នាំ២០១៧។
បើតាមអាជ្ញាធរម៉ិចស៊ីកូ មនុស្ស២៣នាក់ ក្នុងចំណោមអ្នកដែលបានបាត់បង់ជីវិត គឺស្ថិតក្នុងរដ្ឋ Oaxaca ខណៈ០៧នាក់បានស្លាប់នៅក្នុងរដ្ឋ Chiapas ជាទីដែលរដ្ឋាភិបាលម៉ិចស៊ីកូ បានប្រកាសដាក់ឲ្យស្ថិតក្រោមភាពអាសន្ន។ ស្របពេលជាមួយគ្នា គ្រោះរញ្ជួយផែនដីនេះ បានផ្តាច់អាយុជីវិត កុមារាចំនួន០២នាក់ផ្សេងទៀត ក្នុងរដ្ឋ Tabasco ដែលនៅក្បែរនោះ ដោយម្នាក់ត្រូវបានជញ្ជាំងអគាររលំលើ និងម្នាក់ទៀតគឺជាទារក ដែលកំពុងប្រើប្រាស់ឧបករណ៍ជំនួយដង្ហើម បានស្លាប់ បន្ទាប់ពីមន្ទីរពេទ្យរបស់គេ ដាច់ភ្លើងដោយសារឥទ្ធិពលរញ្ជួយដី។
គួរបញ្ជាក់ថា ចំណុយរញ្ជួយរបស់គ្រោះមហន្តរាយធម្មជាតិខាងលើ មានជម្រៅ៣៣គីឡូម៉ែត្រក្រោមផ្ទៃសមុទ្រ នៅចម្ងាយ១២៣គីឡូម៉ែត្រភាគនិរតី ពីទីក្រុង Pijijiapan នៃរដ្ឋ Chiapas។ បើតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក (USGS) វាមានកម្រិត៨.១រ៉ិចទ័រ ក៏ប៉ុន្តែប្រធានាធិបតីម៉ិចស៊ីកូ លោក Enrique Pena Nieto បានអះអាងថា វាមានកម្រិត៨.២រ៉ិចទ័រ គឺខ្លាំងក្លាជាងគេបង្អស់ប្រចាំប្រវត្តិសាស្រ្តម៉ិចស៊ីកូ ក្នុងអំឡុងពេលមួយសតវត្សរ៍កន្លងទៅនេះ ដោយកម្រិតរញ្ជួយរបស់វា ធំជាង គ្រោះរញ្ជួយដីកាលពីឆ្នាំ១៩៨៥ ដែលបានឆក់យកជិវិតមនុស្សយ៉ាងតិច៥,០០០នាក់ នៅតាមបណ្តារដ្ឋចំនួន០៤របស់ម៉ិចស៊ីកូទៅទៀត៕