(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ីបានអះអាងថា ក្រុមសកម្មប្រយុទ្ធ ISIS ប្រមាណជា ៤០នាក់ ក្នុងនោះរួមមានទាំងរដ្ឋមន្ត្រីសង្រ្គាមរបស់ពួកគេ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវ អាកាសរបស់រុស្ស៊ី នៅក្បែរទីក្រុង ឌែរ អាល់ ហ្សរ (Deir al-Zor) ភាគខាងកើតប្រទេសស៊ីរី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃសុក្រ ទី០៨ ខែកញ្ញា ឆ្នាំ២០១៧។
យោងតាមក្រសួងការពារជាតិរុស្ស៊ី រដ្ឋមន្ត្រីសង្រ្គាម ISIS ឈ្មោះ អាប៊ូ បូហាំម៉ាដ អាល់ស៊ីម៉ា (Abu Muhammad al-Shimal) ដែលគេសង្ស័យថា ជាអ្នកដឹកនាំការវាយប្រហារភេរវកម្ម ក្នុងទីក្រុងប៉ារីស កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ ក៏បានស្លាប់ផងដែរ នៅក្នុងការវាយប្រហារតាមផ្លូវអាកាស ប្រឆាំងនឹងទីបញ្ជាការ និងមជ្ឈមណ្ឌលទំនាក់ទំនងមួយរបស់ពួក ISIS នៅក្បែរទីក្រុង Deir al-Zor។
ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ដូច្នេះថា «កាលពីថ្ងៃទី០៥ ខែកញ្ញា បន្ទាប់ពីទទួលបានព័ត៌មានថា ពួក ISIS មានគំរោងបើកកិច្ចប្រជុំមួយនៅឯទីបញ្ជាការរបស់ពួកគេ ក្បែរទីក្រុង Deir al-Zor យន្ដហោះចម្បាំងរុស្ស៊ីពីរគ្រឿងធុន Su-34 និង Su-35 បានដឹកនាំការវាយប្រហារ លើទីបញ្ជាការនេះ ដោយបានផ្ដាច់យកជីវិតពួកអ្នកប្រយុទ្ធ ISIS ៤០នាក់ក្នុងនោះរួមមានរដ្ឋមន្ត្រីសង្រ្គាម ISIS ឈ្មោះ Abu Muhammad al-Shimal ផងដែរ»។
គួរបញ្ជាថា ជនឈ្មោះ al-Shimal ត្រូវបានទីភ្នាក់ងារស៊ើបការណ៍សំងាត់អឺរ៉ុបសង្ស័យថា គឺជាអ្នករៀបចំ និងដឹកនាំការវាយប្រហារភេរវកម្មក្នុងទីក្រុងប៉ារីស កាលពីឆ្នាំ២០១៥ ដែលបណ្ដាលឱ្យមនុស្ស ១២៩នាក់ស្លាប់ និង ៣៥០នាក់រងរបួស៕