(ម៉ិចស៊ីកូ)៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជូយដីកំរិត ៨.១រ៉ិចទ័រ ដែលបានវាយប្រហារមកលើភាគខាងត្បូងប្រទេសម៉ិចស៊ីកូ បានកើនដល់ ០៩នាក់ហើយ ខណៈមជ្ឈមណ្ឌលឃ្លាំងមើល រលកយក្ស ស៊ូណាមិ ប្រចាំតំបន់ប៉ាស៊ីហ្វិកបានចេញសេចក្តីព្រមានអំពីរលកយក្សស៊ូណាមិ ដ៏ធ្ងន់ធ្ងរសម្រាប់ប្រទេសម៉ិចស៊ីកូ, ហ្គាតេម៉ាឡា, ហង់ឌូរ៉ាស់, ម៉ិចស៊ីកូ, អែលសាល់វ៉ាឌ័រ, និងកូស្តារីកាជាដើម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០៨ ខែកញ្ញា ឆ្នាំ២០១៧។
បើតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក (USGS) គ្រោះរញ្ជួយដីខាងលើ មានចំណុចរំញ័រនៅចម្ងាយ ១៦៥គីឡូម៉ែត្រ ភាគខាងលិចទីក្រុង តាប៉ាជូឡា (Tapachula) នៃរដ្ឋ ជាប៉ាស់ (Chiapas) ភាគខាងត្បូងម៉ិចស៊ីកូ និងមិនឆ្ងាយប៉ុន្មាននោះឡើយ ពីប្រទេសហ្គាតេម៉ាឡាជាមួយនិងជម្រៅ ៣៥គីឡូម៉ែត្រ ក្រោមផ្ទៃសមុទ្រ។ ទោះជានៅឆ្ងាយបែបនេះក៏ដោយវាបានបណ្តាល ឲ្យញ័ររញ្ជួយដល់ រដ្ឋធានីម៉ិចស៊ីកូស៊ីធី ដែលនៅភាគកណ្តាលប្រទេសទៀតផង រីឯអគារជាច្រើនក៏បានរងការញ័ររញ្ជួយខ្លាំងក្លា បង្ខំឲ្យប្រជាជនរត់ចេញមកឈរនៅទីវាលនានាដើម្បី សុវត្ថិភាព ហើយមិនតែប៉ុណ្ណោះអាគារជាច្រើននៅភាគខាងត្បូងម៉ិចស៊ីកូ, ហ្គាតេម៉ាឡា ក៏រងការខូចខាតយ៉ាងដំណុំផងដែរ។
ដោយឡែក គ្រោះរញ្ជួយផែនដីនេះអាចនឹងបង្កការគំរាមកំហែងរលកយក្សស៊ូណាមី ដល់បណ្តាប្រជាជាតិ នៅតំបន់អាមេរិកកណ្តាលថែមទៀតផង រួមមានតាមបណ្តោយឆ្នេរសមុទ្រ ប៉ាស៊ីហ្វិក នៃប្រទេសហ្គាតេម៉ាឡា, ហង់ឌូរ៉ាស់, ម៉ិចស៊ីកូ, អែលសាល់វ៉ាឌ័រ, និងកូស្តារីកាជាដើម ស្របពេលដែលការគំរាមកំហែងនេះ កំពុងត្រូវគេវាយតម្លៃសម្រាប់កោះហាវ៉ៃ, កោះហ្គាំ, រួមទាំងបណ្តាកោះដទៃៗទៀតនៅលើមហាសាគរប៉ាស៊ីហ្វិក៕