(ម៉ូស្គូ)៖ ទាំងនៅមុខសាធារណជន និងទាំងនៅពីក្រោយខ្នងប្រទេសរុស្ស៊ី កំពុងព្យាយាមបង្កើនតួនាទីកាន់តែខ្លាំងក្លាជាងមុន ក្នុងវិបត្តិនុយក្លេអ៊ែរកូរ៉េខាងជើង។ មន្ត្រីសហរដ្ឋអាមេរិក និងអ្នកជំនាញបង្ហាញក្តីបារម្ភថា កិច្ចខិតខំប្រឹងប្រែងដែលឥតបានការរបស់រុស្ស៊ី មិនមែនកើតឡើងដោយសារ ការគំរាមកំហែងរបស់មេដឹកនាំកូរ៉េខាងជើងនោះទេ ផ្ទុយទៅវិញគឺដើម្បីពង្រីកសក្តានុពល និងអំណាចរបស់រុស្ស៊ី ទប់ទល់នឹងការកើនឡើងនូវឥទ្ធិពល របស់សហរដ្ឋអាមេរិកទៅវិញទេ។
បច្ចុប្បន្នសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន រួមទាំងមេដឹកនាំរបស់ប្រទេសកូរ៉េខាងជើង កំពុងត្រៀមខ្លួនឆ្លើយតប នឹងការលូកដៃកាន់តែខ្លាំងរបស់រដ្ឋាភិបាលក្រុងម៉ូស្គូ ចូលក្នុងវិបត្តិទំនាក់ទំនងការទូតដ៏ស្មុគស្មាញ។ សម្រាប់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រសិនបើការលូកដៃរបស់រុស្ស៊ី ពិតជាមានបំណងចង់ជួយកូរ៉េខាងជើងពិតមែននោះ សហរដ្ឋអាមេរិកស្វាគមន៍ជានិច្ច ប៉ុន្តែអ្វីដែលគួរបារម្ភនោះគឺខ្លាចថា វាមិនដូចអ្វីដែលយើងបានឃើញ។
«រុស្ស៊ី ចង់ធ្វើកិច្ចចរចា ចង់បានភាពសមរម្យ ទន្ទឹមនឹងនោះដែរ រុស្ស៊ីក៏បង្កើននាទីសំខាន់ ឬដើរតួនាទីជាបងធំ ដើម្បីសម្របសម្រួលជម្លោះនេះច្បាស់ណាស់ថា រុស្ស៊ីកំពុងចង់បង្កើនតួនាទីរបស់ខ្លួន» ។ ការកើនឡើងជាលំដាប់នូវការលូកដៃរបស់រុស្ស៊ី កំពុងស្តែងឡើងយ៉ាងច្បាស់។ នៅចំពោះមុខចិន លោក ពូទីន លើកឡើងយ៉ាងរឹងមាំប្រឆាំងគម្រោងសហរដ្ឋអាមេរិក ដែលចង់បង្កើនទណ្ឌកម្មទៅលើប្រទេសកូរ៉េខាងជើង បន្ទាប់ពីការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ លើកទីប្រាំមួយ។ លោក ពូទីន បានបញ្ជាក់ថា ការដាក់ទណ្ឌកម្មប្រឆាំងកូរ៉េខាងជើងជា «រឿងគ្មានប្រយោជន៍ និងគ្មានប្រសិទ្ធភាព» ព្រមទាំងឱ្យយោបល់ថា ពិភពលោកគួរតែផ្តល់ការធានាដល់សន្តិសុខ សម្រាប់រដ្ឋាភិបាលក្រុងព្យុងយ៉ាងវិញ»។
លោក ពូទីន លើកឡើងទៀតថា «បើទោះបីកូរ៉េខាងជើងត្រូវធ្លាក់ខ្លួនក្រ រហូតបរិភោគស្មៅជំនួសអាហារ ក៏កូរ៉េខាងជើងគ្មានថ្ងៃបោះបង់កម្មវិធីរបស់ខ្លួនជាដាច់ខាត លើកលែងតែកូរ៉េខាងជើងមានអារម្មណ៍ថា ខ្លួនទទួលបានសន្តិសុខសុវត្ថិភាព យ៉ាងពិតប្រាកដ»។ ការលើកឡើងរបស់ លោក ពូទីន ហាក់មានបង្ហាញភាពលំអៀងទៅកូរ៉េជើង ច្រើនជាងចិនទៅទៀត។ សម្រាប់រដ្ឋាភិបាលចិនគ្រាន់តែចាត់ទុកថា ការកាត់ផ្តាច់ទំនាក់ទំនងរបស់សហរដ្ឋអាមេរិក ជាមួយប្រទេសដែលធ្វើពាណិជ្ជកម្មជាមួយកូរ៉េខាងជើង ជារឿងដែលទទួលយកមិនបាននោះទេ ប៉ុន្តែបញ្ជាក់ថា ការដាក់ទណ្ឌកម្មបន្ថែមទៅលើប្រទេសចិន អាចលើកមកពិភាក្សាជាថ្មី នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
ប៉ុន្តែសម្រាប់នៅក្រោយខ្នង រុស្ស៊ី កំពុងបញ្ជ្រៀតតួនាទីរបស់ខ្លួន នៅក្រោយទំនាក់ទំនងការទូត។ ជាក់ស្តែងថ្មីៗនេះ រដ្ឋាភិបាលរបស់ លោក ពូទីន បានអញ្ជើញអគ្គរដ្ឋទូត លោក Joe Yun ដំណាងពិសេសនៃគោលនយោបាយកូរ៉េខាងជើង មកប្រទេសរុស្ស៊ី ដើម្បីពិភាក្សានៅដើមខែកញ្ញានេះ អំពីកិច្ចចរចាជាមួយកូរ៉េខាងជើង។ លោក Yun ដំបូងឡើយបានទទួលការអញ្ជើញ ប៉ុន្តែ ដំណើរទស្សនកិច្ចនេះ ក្រោយមកត្រូវបានពន្យាពេល និងមិនទាន់ត្រូវបានកំណត់កាលបរិច្ឆេទជាថ្មីនៅឡើយ។
ប្រទេសរុស្ស៊ី ក៏បានអញ្ជើញ លោក Choe Son Hui ដើម្បីធ្វើទស្សនកិច្ចនៅរុស្ស៊ីនៅចុងខែកញ្ញានេះផងដែរ។ គោលបំណងនៃការអញ្ជើញនេះ គឺដើម្បីធ្វើឱ្យរដ្ឋាភិបាលក្រុងព្យុងយ៉ាង ងាកមកពិចារណាអំពីការចាប់ផ្តើមកិច្ចចរចាជាថ្មី ជាមួយសហរដ្ឋអាមេរិក។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិកបានបញ្ជាក់ថា កិច្ចចរចាជាមួយលោក គីម មិនទាន់ដល់ពេលនៅឡើយ ខណៈដែលសេតវិមានកំពុងផ្តោតលើការដាក់សម្ពាធទៅលើប្រទេសកូរ៉េខាងជើង និងសហការណ៍ជាមួយចិន ដើម្បីអនុវត្តតាមសេចក្តីសម្រេចចុងក្រោយ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
ប្រសិនបើរុស្ស៊ីអាចបំប៉ោងតួនាទីរបស់ខ្លួន ក្នុងវិបត្តិកូរ៉េខាងជើងនោះ រុស្ស៊ីអាចប្រើប្រាស់តួនាទីនេះ សម្រាប់ការចរចាទៅលើផ្នែកផ្សេងៗទៀតផងដែរ។ រដ្ឋាភិបាលរបស់លោក ដូណាល់ ត្រាំ កន្លងមកបានធ្វើការរួមគ្នាជាមួយរុស្ស៊ីលើបញ្ហាមួយចំនួន ជាក់ស្តែងដូចជាប្រទេសរុស្ស៊ីជាដើម។ ប៉ុន្តែកិច្ចសហប្រតិបត្តិការនេះ នឹងផ្តល់ផលវិបាកសម្រាប់សហរដ្ឋអាមេរិក ក្នុងការបន្តស៊ើបអង្កេតទៅលើករណី លោក ត្រាំ ពាក់ព័ន្ធនឹងការអន្តរាគមន៍របស់រុស្ស៊ី ទៅលើការបោះឆ្នោតប្រធានាធិបតីអាមេរិកក្នុងឆ្នាំ២០១៦។
ហេតុនេះទើបរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ត្រូវតែបើកទ្វារចំហជានិច្ចរង់ចាំរុស្ស៊ី ដើម្បីជួយស្វែងរកដំណោះស្រាយវិបត្តិកូរ៉េខាងជើង ប៉ុន្តែក៏ត្រូវដឹងច្បាស់ពីគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ ដែលអាចកើតមានផងដែរប្រសិនបើរដ្ឋាភិបាលក្រុងម៉ូស្គូ មិនមានឆន្ទៈដោះស្រាយវិបត្តិពិតប្រាកដ តែបែរជាមានចង់ក្លាយជាផ្នែក បញ្ឆេះបញ្ហាកាន់តែធំឡើងនោះ៕
បកប្រែ និងសម្រួលដោយ៖ អ៉ឹត ចណ្ណា