(ម៉ិចស៊ីកូ)៖ មជ្ឈមណ្ឌលឃ្លាំងមើលរលកយក្សស៊ូណាមិ ប្រចាំតំបន់ប៉ាស៊ីហ្វិក បានចេញសេចក្តីព្រមានអំពីរលកយក្សស៊ូណាមិដ៏ធ្ងន់ធ្ងរ ដែលអាចនឹងកើតមានឡើង បន្ទាប់ពីគ្រោះរញ្ជួយផែនដី ដ៏ខ្លាំងមហិមាកម្រិត ៨.០រ៉ិចទ័រ បានវាយប្រហារក្បែរឆ្នេរសមុទ្រភាគខាងត្បូង ប្រទេសម៉ិចស៊ីកូនៅមុននេះបន្តិច ខណៈមកទល់ពេលនេះមនុស្សយ៉ាងតិចចំនួន ០២នាក់ បានស្លាប់នៅម៉ិចស៊ីកូ និងម្នាក់នៅប្រទេសហ្គោតិម៉ាឡា ដែលនៅក្បែរខាង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសុក្រ ទី០៨ ខែកញ្ញា ឆ្នាំ២០១៧។
បើតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក (USGS) គ្រោះរញ្ជួយដីខាងលើ មានចំណុចរំញ័រនៅចម្ងាយ ១៦៥គីឡូម៉ែត្រ ភាគខាងលិចទីក្រុង តាប៉ាជូឡា (Tapachula) នៃរដ្ឋ ជាប៉ាស់ (Chiapas) ភាគខាងត្បូងម៉ិចស៊ីកូ និងមិនឆ្ងាយប៉ុន្មាននោះឡើយ ពីប្រទេសហ្គាតេម៉ាឡាជាមួយនិងជម្រៅ ៣៥គីឡូម៉ែត្រ ក្រោមផ្ទៃសមុទ្រ។ ទោះជានៅឆ្ងាយបែបនេះក៏ដោយ វាបានបណ្តាលឲ្យញ័ររញ្ជួយដល់ រដ្ឋធានីម៉ិចស៊ីកូស៊ីធី ដែលនៅភាគកណ្តាលប្រទេសទៀតផង ខណៈអគារជាច្រើនក៏បានរងការញ័ររញ្ជួយខ្លាំងក្លា បង្ខំឲ្យប្រជាជនរត់ចេញមកឈរនៅទីវាលនានា ដើម្បីសុវត្ថិភាព។
ដោយឡែក គ្រោះរញ្ជួយផែនដីនេះ អាចនឹងបង្កការគំរាមកំហែងរលកយក្សស៊ូណាមី ដល់បណ្តាប្រជាជាតិ នៅតំបន់អាមេរិកកណ្តាលថែមទៀតផង រួមមានតាមបណ្តោយឆ្នេរសមុទ្រប៉ាស៊ីហ្វិក នៃប្រទេសហ្គាតេម៉ាឡា, ហង់ឌូរ៉ាស់, ម៉ិចស៊ីកូ, អែលសាល់វ៉ាឌ័រ, និងកូស្តារីកាជាដើម ស្របពេលដែលការគំរាមកំហែងនេះ កំពុងត្រូវគេវាយតម្លៃសម្រាប់កោះហាវ៉ៃ, កោះហ្គាំ, រួមទាំងបណ្តាកោះដទៃៗទៀតនៅលើមហាសាគរប៉ាស៊ីហ្វិក៕