(អាមេរិក)៖ តោះរង់ចាំតាមដានទាំងអស់គ្នា ដោយនៅថ្ងៃទី១៥ ខែកញ្ញា ពោលគឺសប្តាហ៍ក្រោយនេះ យានអវកាស Cassini របស់អង្គការ NASA នឹងបិទបញ្ចប់បេសកកម្មរយៈពេល ២០ឆ្នាំ ប្រមូលទិន្នន័យនៅក្នុងលំហអាកាសរបស់វា តាមរយៈការទម្លាក់ខ្លួនកម្ទេចចោល ចូលទៅក្នុងបរិយាកាសរបស់ភពសៅរ៍ (Saturn) ហើយឆាបឆេះដូចទៅនឹងអាចម៍ផ្កាយធ្លាក់មកលើផែនដីអ៊ីចឹង។ នេះបើតាមការចេញផ្សាយដោយវែបសាយវិទ្យាសាស្រ្ត Space.com នៅរសៀលថ្ងៃសុក្រ ទី០៨ ខែកញ្ញា ឆ្នាំ២០១៧។
បេសកកម្មតម្លៃ ៣.២ពាន់លានដុល្លារ Cassini-Huygens ដែលជាកិច្ចប្រឹងប្រែងរួមនៃទីភ្នាក់ងារអវកាស NASA, ទីភ្នាក់ងារអវកាសអឺរ៉ុប ESA, និងទីភ្នាក់ងារអវកាសអ៊ីតាលី ISA បានចាប់ផ្តើមកាលពីខែតុលា ឆ្នាំ១៩៩៧ ហើយបានទៅដល់ប្រព័ន្ធភពសៅរ៍ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០០៤។
Huygens គឺជាយានបន្ទាប់បន្សំមួយ ដែលបានជាន់លើផ្ទៃព្រះច័ន្ទដ៏ធំជាងគេបង្អស់ របស់ភពសៅរ៍ គឺ Titan កាលពីខែមករា ឆ្នាំ២០០៥ ខណៈយាន Cassini ដែលដើរតួជាផ្កាយរណប បានបន្តធ្វើដំណើរក្រឡឹងភពសៅរ៍ និងបានបង្កើតរបកគំហើញសំខាន់ៗជាច្រើន ក្នុងអំឡុងពេលនៃការបំពេញបេសកកម្មជាង ១៣ឆ្នាំរបស់វា នៅជិតភពដែលមានចិញ្ចៀនក៏ដូចជាខ្សែក្រវាត់ព័ទ្ធជុំវិញនេះ។
ក្នុងអំឡុងនៃការធ្វើបេសកកម្មរបស់វា យានអវកាស Cassini បានប្រទះឃើញកំសួលទឹកផុស រួមទាំងសារធាតុដទៃៗទៀតច្រាលឡើង ចេញពីប៉ូលខាងត្បូងនៃ Enceladus ដែលជាព្រះច័ន្ទមួយទៀតដ៏ត្រជាក់របស់ភពសៅរ៍។ ក្រុមអ្នកវិទ្យាសាស្រ្តនៃបេសកកម្មនេះ បានកំណត់ថា វត្ថុទាំងនេះគឺមកពីមហាសមុទ្រដ៏ធំមួយដែលកប់នៅក្រោមសំបកព្រះច័ន្ទ Enceladus ហើយមហាសាគរនេះ ប្រហែលជាអាចទ្រទ្រង់ជីវិតបាន បើតាមអ្នកវិទ្យាសាស្រ្តដឹង។ ក្រៅពីនេះ Cassini ក៏បានរកឃើញបឹង និងសមុទ្រនៃសារធាតុអ៊ីដ្រូកាបូន ថែមទៀតផងនៅលើ Titan ហើយអ្នកវិទ្យាសាស្រ្ត ជឿជាក់ថា ព្រះច័ន្ទនេះក៏ទំនងជាអាចទ្រទ្រង់ជីវិតតូចៗ នៅក្នុងទម្រង់ណាមួយដូចគ្នា តែប្រហែលជាខុសប្លែកឆ្ងាយពីជីវិត នៅភពផែនដី។
យ៉ាងណាមិញ យានអវកាស Cassini កាន់តែជិតអស់ប្រេងមែនទែនហើយ ហើយប្រសិនបើវាអស់ប្រេងតែម្តងនោះ ក្រុមការងារបញ្ជាយាន នឹងមិនអាចបន្តគ្រប់គ្រងវាបានទៀតឡើយ។ ហេតុដូច្នេះ ពួកគេចង់រកកន្លែងបោះចោលយានអវកាស Cassini នៅមុនពេលឈានដល់ចំណុចបញ្ហាប្រេងនេះ ហើយវាគឺជាហេតុផល ដែលពួកគេកំពុងរៀបចំបញ្ជូន Cassini ទៅកម្ទេចចោលនៅភពសៅរ៍បែបនេះ នាថ្ងៃទី១៥ ខែកញ្ញា សប្តាហ៍ក្រោយ។
គួរបញ្ជាក់ថា គោលដៅចម្បងបំផុតនៃការសម្រេចចិត្តនេះ គឺដើម្បីការពារព្រះច័ន្ទ Titan និង Enceladus ឲ្យបន្តនៅមានភាពស្អាត និងបរិសុទ្ធជានិច្ច។ NASA បានចេញសេចក្តីថ្លែងការណ៍លើកឡើងដូច្នេះថា «ដើម្បីចៀសវាងលទ្ធភាពដ៏ទាប ដែលថា Cassini នាថ្ងៃមួយ នឹងបុកជាមួយព្រះច័ន្ទទាំងនេះនោះ NASA បានសម្រេចជ្រើសរើស ធ្វើការបោះបង់ចោល យានអវកាស Cassini ដោយសុវត្ថិភាព ទៅក្នុងបរិយាកាសរបស់ភពសៅរ៍»។ បើតាមទីភ្នាក់ងារអវកាសអាមេរិក ប្រការនេះនឹងធានាថា Cassini មិនអាចបំពុលការសិក្សានានា ក៏ដូចជាការរុករកជីវិតនាពេលអនាគត នៅលើព្រះច័ន្ទទាំងពីរបានឡើយ៕