(តូក្យូ)៖ កាលពីថ្ងៃទី២៩ ខែសីហាកន្លងទៅ កូរ៉េខាងជើងបានធ្វើតេស្ដមីស៊ីលផ្លោងមួយគ្រាប់ម៉ាក Hwasong-12 ហោះរំលងពីលើប្រទេសជប៉ុន ដោយវារត់បានចំងាយ ២,៧០០គីឡូម៉ែត្រ និងរយៈកម្ពស់ ៥៥០គីឡូម៉ែត្រ។ ក្រោយការធ្វើតេស្ដនេះភ្លាមៗ សហគមន៍អន្តរជាតិបានថ្កោលទោសយ៉ាងខ្លាំង លើទីក្រុងព្យុងយ៉ាង ក៏ប៉ុន្តែទន្ទឹមគ្នានោះដែរក៏មានមតិមួយចំនួនឆ្ងល់ថា ហេតុអ្វីបានជាសហរដ្ឋអាមេរិក ឬក៏ជប៉ុនមិនបាញ់ទម្លាក់មីស៊ីលនេះ។ នេះបើតាមគេហទំព័រ Arstechnica ដែលត្រូវបានដកស្រង់នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែកញ្ញា ឆ្នាំ២០១៧។
ជុំវិញសំណួនេះដែរ Arstechnica បានព្យាយាមបកស្រាយ ដោយផ្អែកលើសមត្ថភាពប្រព័ន្ធខែលការពារមីស៊ីលជប៉ុន Aegis។ គេហទំព័រនេះបន្ថែមថា ខណៈមីស៊ីលកូរ៉េខាងជើងហោះរំលងប្រទេសជប៉ុន វាមិនច្បាស់នោះទេថា ជប៉ុន ឬក៏សហរដ្ឋអាមេរិក អាចធ្វើអ្វីម្យ៉ាងដើម្បីស្ទាក់ចាប់មីស៊ីលនេះ នៅក្នុងបរិបទសម្ព័ន្ធមិត្តទាំងពីរ ហាក់ដូចជាមានការសង្ស័យលើសមត្ថភាពប្រព័ន្ធមីស៊ីល Aegis ដែលតម្លើងរួចជាស្រេចនៅលើទឹកដីជប៉ុន។ ដូច្នេះតាមរយៈការសង្ស័យនេះឯង ទើបពួកគេមិនបាញ់ទម្លាក់មីស៊ីលកូរ៉េខាងជើង ត្បិតបើសិនជាពួកគេធ្វើដូច្នោះមែន ហើយ មិនបានជោគជ័យនោះ វានឹងក្លាយជារឿងដ៏អាម៉ាស់ ព្រមទាំងអាចធ្វើឱ្យបាត់បង់ទំនុកចិត្តពីសម្ព័ន្ធមិត្តដទៃ ជាពិសេសកូរ៉េខាងត្បូង ក្នុងការទប់ស្កាត់ការគំរាមកំហែងពីសំណាក់មីស៊ីលកូរ៉េខាងជើង។
គួរបញ្ជាក់ថា ប្រព័ន្ធខែលការពារមីស៊ីលជប៉ុន Aegis មានសមត្ថភាពត្រឹមតែស្ទាក់ចាប់មីស៊ីលផ្លោងរយៈចំងាយខ្លី ឬមធ្យមមួយចំនួនប៉ុណ្ណោះ ដូច្នេះវាពិតជាពិបាកណាស់ក្នុងការស្ទាក់ចាប់មីស៊ីលរយៈចំងាយមធ្យម ឬក៏មីស៊ីល ICBM របស់កូរ៉េខាងជើង ដែលហោះរំលងប្រទេសជប៉ុន ឆ្ពោះទៅកាន់គោលដៅដូចជាកោះហ្គាំ (Guam) ជាដើមនោះ។ ម្យ៉ាងទៀតគ្រាប់មីស៊ីលដែលកូរ៉េខាងជើងបាញ់បង្ហោះ គឺស្ថិតនៅក្នុងរយៈកម្ពស់នៃការសាកល្បង ដែលស្ថិតនៅឆ្ងាយពីអ្វីដែលសញ្ញារ៉ាដាអាចចាប់បានទាន់ពេលវេលា និងធ្វើការវាយបកទៅវិញ៕