(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក ០៥រូប បានចូលរួមជាកម្លាំងក្នុងការរៃអង្គាសប្រាក់ ដើម្បីជួយដល់ជនរងគ្រោះដោយសារតែព្យុះហឺរីខិន ហាវេយ (Hurricane Harvey) ក៏ដូចជាកសាងផ្ទះសម្បែង ប្រជាជនរាប់ពាន់ខ្នង និងជួសជុលការខូចខាតពាណជ្ជកម្មឡើងវិញចាប់ពីរដ្ឋ តិចសាស់ (Texas) រហូតដល់រដ្ឋ ល្វីស្យ៉ាណា (Louisiana)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែកញ្ញា ឆ្នាំ២០១៧។
យុទ្ធនាការរៃអង្គាសប្រាក់នេះមានឈ្មោះថា «ការអំពាវនាវអាមេរិកតែមួយ» ឬ «One America Appeal» ដែលបានប្រកាសចាប់ផ្ដើមប្រមូលមូលនិធិ តាមរយៈប្រព័ន្ធផ្សព្វផ្សាយកាលពីយប់ថ្ងៃព្រហស្បតិ៍ នៅអំឡុងបើករដូវកាលការប្រកួតបាល់ទាត់ National Football League។ ចំណែកឯអតីតប្រធានាធិបតីអាមេរិក នៅពីក្រោយយុទ្ធនាការនេះមាន លោក Barack Obama, លោក George W. Bush, លោក Bill Clinton, លោក George H.W. Bush និងលោក Jimmy Carter ហើយមូលនិធិដែលប្រមូលបាន នឹងត្រូវផ្ដល់មូលនិធិដែលធ្វើការពាក់ព័ន្ធនឹង ការជួសជុលការខូចខាត ដោយផ្ដោតសំខាន់លើទីក្រុង ហួស្តុន (Houston) ខណៈការកសាងរដ្ឋ Texas ឡើងវិញត្រូវបានគេប៉ាន់ប្រមាណថា អាចនឹងចំណាយប្រាក់អស់ ៤៤លានដុល្លារអាមរិក។
គួរបញ្ជាក់ថា ខ្យល់ព្យុះ Hurricane Harvey ដែលបានវាយប្រហារមកលើរដ្ឋតិចសាស់កាលពីថ្ងៃទី២៥ ខែសីហា គឺជាព្យុះដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិក អស់រយៈពេល ៥០ឆ្នាំមកនេះ ដោយវាបានសម្លាប់មនុស្សជាង ៦០នាក់ បង្ខំឱ្យអាជ្ញាធរជម្លៀសមនុស្សជាង ១លាននាក់ ទៅកាន់កន្លែងមានសុវត្ថិភាព ខណៈផ្ទះជាង ២០៣,០០០ខ្នង ត្រូវបានបំផ្លាញ៕