(យូអិន)៖ ការអប់រំពិតជាអាចលើកកម្ពស់ឧត្តមគតិ នៃភាពអហិង្សា, ភាពស្មើគ្នា, និងការគោរពរវាងគ្នាទៅវិញទៅមក ដែលនេះគឺជាលើកឡើងរបស់មន្រ្តីអង្គការសហប្រជាជាតិ (UN) នៅក្នុងព្រឹត្តិការណ៍អន្តរជាតិមួយ ស្តីពីវិធីសាស្រ្ត ដើម្បីសម្រេចបាននូវវប្បធម៌សន្តិភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែកញ្ញា ឆ្នាំ២០១៧។
នាឱកាសខាងលើនេះ លោក ភីត័រ ថមសុន (Peter Thomson) ប្រធានមហាសន្និបាត UN បានថ្លែងថា «យើងត្រូវតែបង្រៀនកូនៗរបស់យើង អំពីតម្លៃសន្តិភាព, ការអត់ឱនអធ្យាស្រ័យ, ភាពស្មើគ្នា, និងក្តីគោរព ជាដើម។ យើងត្រូវតែបំពាក់បំប៉នពួកគេជាមួយជំនាញផ្សេងៗ រួមទាំងការសិក្សាអប់រំ ដែលពួកគេត្រូវការ ដើម្បីដោះស្រាយបញ្ហាជម្លោះនានា ដោយសន្តិភាព, ដើម្បីប្រឈមមុខនឹងភាពអយុត្តិធម៌ ក៏ដូចជាភាពមិនចេះយោគយល់, និងដើម្បីបដិសេធចំពោះភាពរឹងអើង ស្អប់ខ្ពើមគ្រប់ទម្រង់ទាំងអស់»។
បន្ថែមពីនេះលោក Thomson បានលើកឡើងទៀតថា «ការជំរុញឲ្យមានវប្បធម៌សន្តិភាពទាមទារឲ្យយើងទាំងអស់គ្នា រួមមានបុគ្គល, ប្រជាជាតិ, និងអង្គការអន្តរជាតិទាំងឡាយ ចូលរួមសហការគ្នា ដើម្បីលើកស្ទួយការយល់ដឹងអំពី មនុស្សជាតិទូទៅតែមួយរបស់យើង»។ ម៉្យាងវិញទៀត អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូត័ររេស (Antonio Guterres) ក៏បានសង្កត់ធ្ងន់អំពីភាពចាំបាច់ ក្នុងការផ្តោតសំខាន់ទៅលើយុវវ័យជំនាន់ក្រោយ ដើម្បីលើកកម្ពស់សន្តិភាពពិភពលោកផងដែរ៕