(ផ្លូរីដា)៖ ខណៈរដ្ឋ តិចសាស់ និង ល្វីស្យ៉ាណា កំពុងតែត្រដាបត្រដួសក្នុងការស្តារឡើងវិញនូវមហន្តរាយពីព្យុះហឺរីខិន ហានវេយ មិនទាន់បានធូរស្រាលបន្តិចផងនោះ នៅរដ្ឋផ្លូរីដា ជាពិសេសសង្កាត់ ម៉ៃអាមី-ដេដ (Miami-Dade County) កំពុងត្រៀមខ្លួនទទួលព្យុះហឺរីខិនមួយទៀតគឺ អឺម៉ា (Irma) ដែលកំពុងតែសំដៅមកតំបន់ ភាគអាគ្នេយ៍សហរដ្ឋអាមេរិកនេះហើយ ដោយថាមពលខ្លាំងក្លាសម្បើមណាស់។ នេះបើតាមការចេញផ្សាយដោយ Sputnik នាព្រឹកថ្ងៃសុក្រ ទី០៨ ខែកញ្ញា ឆ្នាំ២០១៧។
ព័ត៌មានបានបន្តទៀតថា ប្រជាជនសរុបប្រមាណជាង ១០០,០០០នាក់ហើយ ត្រូវបានបញ្ជាឲ្យជម្លៀសចេញពីតំបន់ដែលជាប់ និងក្បែរឆ្នេរសមុទ្រភាគខាងកើត និងខាងត្បូងរដ្ឋផ្លូរីដា ដែលជាទីនឹងរងគ្រោះមុនគេ ដោយព្យុះកំណាច អឺម៉ា ហើយការជម្លៀស គឺចាប់ផ្តើមតាំងតែពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះតែម្តង។ អភិបាលរដ្ឋផ្លូរីដា លោក រីក ស្កុត (Rick Scott) បានថ្លែងបែបព្រមានចំពោះពលរដ្ឋដែលហាក់ស្ទាក់ស្ទើរមិនព្រមភៀសខ្លួនយ៉ាងដូច្នេះថា «ខ្ញុំមិនដឹងថា ត្រូវបញ្ជាក់អ្វីឲ្យច្រើនជាងនេះទៀតទេ តែសូមកុំល្មើសបញ្ជា ឲ្យមានការភៀសខ្លួននោះអី។ យើងអាចកសាងផ្ទះអ្នកឡើងវិញបាន តែយើងមិនអាចស្រោចស្រង់ជីវិតអ្នកវិញបានឡើយ»។
យោងតាមអាជ្ញាធរអាមេរិក ខណៈព្យុះ Hurricane Irma ត្រូវបានគេរំពឹងថា អាចនឹងវាយសង្គ្រប់មកលើរដ្ឋភាគអាគ្នេយ៍សហរដ្ឋអាមេរិកមួយនេះ នៅចុងសប្ដាហ៍នេះ។ ក្រុមមន្ត្រីនៃតំបន់ ម៉ៃអាមី (Miami-Dade County) បានផ្ដល់យោបល់ដល់ប្រជាជនរស់នៅតាមតំបន់ទាប ចាប់ផ្ដើមជម្លៀសចេញនៅថ្ងៃពុធ រីឯពួកអាជ្ញាធរក្នុង Monroe County បានចេញបញ្ជាជម្លៀសខ្លួន សម្រាប់ភ្ញៀវទេសចរណ៍ដោយចាប់ផ្ដើមនៅព្រឹកថ្ងៃពុធ និងប្រជាជនរស់នៅក្នុងតំបន់នៅល្ងាចថ្ងៃពុធ ស្របពេលដែលប្រជាជននៃតំបន់ Broward County រហូតដល់តំបន់ Miami-Dade County ក៏នឹងត្រូវចាប់ផ្ដើមជម្លៀសចេញនៅល្ងាចថ្ងៃព្រហស្បតិ៍ (ម៉ោងនៅក្នុងតំបន់) ផងដែរ។
គួរបញ្ជាក់ថា កាលពីប៉ុន្មានសប្ដាហ៍មុន ខ្យល់ព្យុះ Hurricane Harvey ដែលបានវាយប្រហារមកលើរដ្ឋតិចសាស់តាំងតែពីថ្ងៃទី២៥ ខែសីហា និងបានបង្កជាទឹកជំនន់អាក្រក់បំផុតនៅក្នុង ប្រវត្តិសាស្ត្រអាមេរិក អស់រយៈពេល ៥០ឆ្នាំមកនេះ បានបង្ខំឱ្យអាជ្ញាធរជម្លៀសមនុស្សជាង ១លាននាក់ ទៅកាន់កន្លែងមានសុវត្ថិភាព ខណៈផ្ទះជាង ២០០,០០០ខ្នង ត្រូវបានបំផ្លាញ រីឯទីក្រុងហួស្ដុន (Houston) រងគ្រោះ ធ្ងន់ធ្ងរជាងគេដោយខ្ពស់ទឹកភ្លៀងឡើងដល់កម្ពស់ ១.៤ម៉ែត្រ ហើយមនុស្ស ៦០នាក់ បានបាត់បង់ជីវិត៕