(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែកញ្ញា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកល លោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ អាជ្ញាធរអាមេរិកបានសម្រេចចិត្តចាប់ផ្ដើមជម្លៀសប្រជាជនចេញពីផ្នែកខ្លះនៃរដ្ឋផ្លូរីដា (Florida) ខណៈព្យុះ Hurricane Irma ត្រូវបានគេរំពឹងថា អាចនឹងវាយសង្គ្រប់មកលើ រដ្ឋភាគអាគ្នេយ៍សហរដ្ឋអាមេរិក នៅចុងសប្ដាហ៍នេះ៕
២៖ ទីប្រឹក្សាសន្តិសុខជាតិ មីយ៉ាន់ម៉ា បានចេញសេចក្តីអំពាវនាវឲ្យសារព័ត៌មាននានាចូលរួមជាមួយរដ្ឋាភិបាល ដើម្បីបង្កើតឲ្យបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសម្រាប់រដ្ឋរ៉ាឃីន នៃភាគខាងជើងប្រទេស ដែលកំពុងតែគ្របដណ្តប់ដោយអំពើហិង្សា៕
៣៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានឱ្យដឹងថា ការដាក់ពង្រាយប្រព័ន្ធមីស៊ីល THAAD បានបញ្ចប់ទាំងស្រុងហើយ និងចាត់ទុកថាវាគឺជាវិធានការបន្ទាន់សំដៅទប់ទល់នឹងការគំរាម កំហែងពីកូរ៉េខាងជើង៕
៤៖ មនុស្សប្រមាណជា ៣៥០ ០០០នាក់ បាននំាគ្នាចុះហត្ថលេខាលើញត្តិតាមបណ្ដាញអ៊ីនធើណែត អំពាវនាវឱ្យគណៈកម្មាធិការពានរង្វាន់ណូបែល ដកយកពានរង្វាន់ណូបែលសន្តិភាពពីលោកស្រី អោង សានស៊ូជី សម្រាប់ការបរាជ័យក្នុងការការពារជនជាតិដើមភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា នៅក្នុងរដ្ឋរ៉ាឃីន៕
៥៖ រដ្ឋាភិបាលទីក្រុងប៉េកាំង បានសម្តែងការជំទាស់ជាខ្លាំងចំពោះទីក្រុងសេអ៊ូល សម្រាប់ការដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីល THAAD ផលិតដោយសហរដ្ឋអាមេរិកចំនួន០៤គ្រឿង បន្ថែមទៀត នៅក្នុងស្រុកសុងជូ (Seongju) នៃខេត្តគ្យុងសាងខាងជើង (North Gyeongsang) នៅលើទឹកដីប្រទេសកូរ៉េខាងត្បូង៕
៦៖ កូនប្រុសបង្កើត និងកូនប្រសារប្រុសរបស់ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូតឺតេ នាថ្ងៃព្រហស្បតិ៍នេះ បានច្រានចោលទំនាក់ទំនងទាំងអស់ នៅក្នុងសកម្មភាពរត់ពន្ធគ្រឿងញៀន ដែលលោក ឌូតឺតេ កំពុងធ្វើការបង្រ្កាបយ៉ាងបង្ហូរឈាម នៅក្នុងប្រទេសអាស៊ានមួយនេះ៕