(ម៉ានីល)៖ កូនប្រុសបង្កើត និងកូនប្រសារប្រុស​របស់ប្រធានាធិបតី​ហ្វីលីពីន រ៉ូឌ្រីហ្រ្គោ ឌូតឺតេ នាថ្ងៃព្រហស្បតិ៍នេះ បានច្រាន​ចោល​ទំនាក់ទំនង​ទាំងអស់ នៅក្នុងសកម្មភាព​រត់ពន្ធគ្រឿងញៀន ដែលលោក ឌូតឺតេ កំពុងធ្វើការ​បង្រ្កាបយ៉ាងបង្ហូរ​ឈាម​​ នៅក្នុងប្រទេសអាស៊ាន​មួយនេះ។ នេះ​បើតាមការចេញ​ផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅ​រសៀល​​ថ្ងៃ​ព្រហស្បតិ៍ ទី០៧ ខែកញ្ញា ឆ្នាំ២០១៧។

ការបដិសេធខាងលើ​ត្រូវបានធ្វើឡើង នៅពេលដែលកូន​ប្រុសច្បង លោក ឌូតឺតេ និងជាអភិបាល​រងទីក្រុង​ដាវ៉ៅ (Davao) លោក ផៅឡូ ឌូតឺតេ (Paolo Duterte) ជាមួយ​លោក ម៉ាណា​សេស ខាពីអូ (Manases Carpio) ជាស្វាមីរបស់​កូនស្រី​លោក ឌូតឺតេ គឺលោកស្រី សារ៉ា ឌូតឺតេ (Sara Duterte) ដែលជាអភិបាល​ក្រុងដាវ៉ៅ បានចូលធ្វើការ​បង្ហាញខ្លួន នៅចំពោះមុខ​​ព្រឹទ្ធសភា​ហ្វីលីពីន ដើម្បីបញ្ជាក់ពី​ភាពស្អាតស្អំ​របស់អ្នកទាំងពីរ។

ការចូលបង្ហាញខ្លួន​នៅចំពោះមុខព្រឹទ្ធសភានេះផងដែរ ត្រូវបានធ្វើឡើង​ក្រោមការណែនាំ​ផ្ទាល់ របស់លោក ឌូតឺតេ ដែល​កាលពីដំបូង​ឡើយនោះ បាននិយាយការពារ​កូនប្រុសទាំងពីរ​របស់លោក ហើយហៅការចោទ​ប្រកាន់នេះថា​ ជា​អំពើ​ព្យា​បាទ​។

គួរបញ្ជាក់ថា ព្រឹទ្ធសភា​ហ្វីលីពីន បាននិងកំពុងតែធ្វើ​ការស៊ើបអង្កេត ទៅលើករណីដែល​ថ្នាំញៀនប្រភេទ មេតាំហ្វេតាមីន​ទម្ងន់ ៦០៥គីឡូក្រាម មានតម្លៃ ៦.៤ពាន់លានប៉េសូ (១២៥.៥លានដុល្លារ) អាចរំលងផុតពី​ភ្នែករបស់នាយកដ្ឋានគយ​របស់​​ហ្វីលីពីនបាន មុនពេលដែលការ​ដឹកជញ្ជូនគ្រឿង​ញៀននេះ ត្រូវក្រុមមន្រ្តីគយ​រឹបអូសយកបាន កាលពីខែឧសភា​ឆ្នាំមុន​ នៅឃ្លាំងស្តុក​ទំនិញមួយកន្លែង ក្នុងទីក្រុង​វាលែនស៊ុយអេឡា (Valenzuela) ភាគខាងជើង​រដ្ឋធានីម៉ានីល៕​