(រ៉ង់ហ្គូន)៖ មនុស្សប្រមាណជា ៣៥០ ០០០នាក់ ហើយ បាននំាគ្នាចុះហត្ថលេខាលើញត្តិមួយតាមបណ្ដាញអ៊ីនធើណែត អំពាវនាវឱ្យគណៈកម្មាធិការពានរង្វាន់ណូបែល ដកយកពានរង្វាន់ណូបែលសន្តិភាព ពីលោកស្រី អោង សានស៊ូជី នៅក្នុងបរិបទដែលសាធារណមតិអន្តរជាតិមួយចំនួន បានចោទប្រកាន់មាតាប្រជាធិបតេយ្យមីយ៉ាន់ម៉ារូបនេះថា បានបរាជ័យក្នុងការការពារជនជាតិដើមភាគតិច មូស្លីមរ៉ូហ៊ីងយ៉ា នៅក្នុងរដ្ឋរ៉ាឃីន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានបារាំង Le Point របស់បារាំង នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៧ ខែកញ្ញា ឆ្នាំ២០១៧។
យោងតាមយោធាមីយ៉ាន់ម៉ា គិតចាប់តាំងពីថ្ងៃទី២៥ ខែសីហាមក មនុស្ស ៤០០នាក់ ភាគច្រើនជាជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា បានស្លាប់នៅក្នុងអំពើហិង្សារវាងកងកម្លាំងយោធា និងក្រុម សកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ា (ARSA) ដែលខ្លួនចាត់ទុកថា ជាពួកភេរវករ។ តែបើតាមអ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេសមីយ៉ាន់ម៉ា លោកស្រី យ៉ាងហ៊ី លី (Yanghee Lee) ចំនួនអ្នកស្លាប់នៅក្នុងអំពើហិង្សាដ៏ប្រល័យនេះបានកើនដល់ ១,០០០នាក់ហើយ គ្រាន់តែតួលេខនេះ មិនទាន់ទទួលស្គាល់ជាផ្លូវការតែប៉ុណ្ណោះ រីឯមនុស្ស ១២,៦០០០នាក់ ផ្សេងទៀត បានរត់ភៀសខ្លួនទៅកាន់ព្រំដែនប្រទេសបង់ក្លាដែស។
ដោយឡែក ជុំវិញជម្លោះនេះដែរ បណ្ដាប្រទេសអ្នកកាន់សាសនាអ៊ីស្លាម រួមទាំងជ័យលាភីពានរង្វាន់ ណូបែលសន្តិភាពប៉ាគីស្ថាន អ្នកនាង ម៉ាឡាឡា យូសាហ្វហ្សៃ បានថ្កោលទោសយ៉ាងខ្លាំងចំពោះភាពអសកម្មរបស់ លោកស្រី អោងសាន ស៊ូជី រហូតដល់មានមនុស្ស ៣៥០,០០០នាក់ បានចុះហត្ថលេខាលើញត្តិទាមទារឱ្យដកយកពានរង្វាន់ណូបែល ដែលលោកស្រី ស៊ូជី ទទួលបានកាលពីឆ្នាំ១៩៩១ មកវិញទៀតផង។ តែយ៉ាងណាក៏ដោយ ការទាមទារនេះប្រហែលជា មិនអាចប៉ះពាល់ដល់លោកស្រីឡើយ ពោលគឺនាយកវិទ្យាស្ថានណូបែលនៃប្រទេសណ័រវេស លោក Olav Njølstad បានបញ្ជាក់ថា វាមិនអាចទៅរួចទេ ក្នុងការដកយកពានរង្វាន់ណូបែលសន្តិភាពមកវិញ ហើយគណៈកម្មាធិការណូបែលក្នុងទីក្រុង Stockholm និងទីក្រុង Oslo ក៏គ្មានបំណងដកយកពានរង្វាន់នេះដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធកន្លងទៅ នៅក្នុងកិច្ចសន្ទនាតាមទូរសព្ទជាមួយប្រធានាធិបតីតួកគី លោក អឺដូហ្គាន់ លោកស្រី អោង សានស៊ូជី បានច្រានចោលរាល់ការចោទប្រកាន់ទំាងឡាយ ដែលថាយោធាមីយ៉ាន់ម៉ា បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ា ហើយមិនតែប៉ុណ្ណោះលោកស្រី ក៏បានថ្កោលទោសផងដែរ ចំពោះការផ្សាយព័ត៌មានបំផ្លើសពីស្ថា្ថនភាពជាក់ស្ដែង ខណៈរដ្ឋាភិបាលលោកស្រី កំពុងការពាររាល់ប្រជាជនទាំងអស់នៅក្នុងរដ្ឋរ៉ាឃីន ពីអំពើភេរវកម្ម៕