(ណៃពិដោ)៖ ទីប្រឹក្សាសន្តិសុខជាតិ នៃរដ្ឋាភិបាលមីយ៉ាន់ម៉ា បានចេញសេចក្តីអំពាវនាវឲ្យសារព័ត៌មាននានា​ ចូលរួមជាមួយរដ្ឋាភិបាល ដើម្បីបង្កើតឲ្យបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសម្រាប់រដ្ឋរ៉ាឃីន ភាគខាងជើងឈាង​ខាងលិចប្រទេស ដែលកំពុងតែគ្រប​ដណ្តប់ដោយអំពើហិង្សា និងធ្វើឲ្យអន្តរជាតិចោទជា​សំនួរយ៉ាងច្រើន ចំពោះសមត្ថភាពដឹកនាំ​ប្រទេសរបស់​លោកស្រី អោងសាន ស៊ូជី។ នេះបើតាមការចេញ​ផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី០៧ ខែកញ្ញា ឆ្នាំ២០១៧។

សេចក្តីអំពាវនាវខាង​លើនេះ ត្រូវបានធ្វើឡើងដោយ លោក យូ ថង ទុន (U Thaung Tun) កាលពីល្ងាចថ្ងៃពុធ ដោយក្រៅ​ពីការអំពាវនាវឲ្យ​សារព័ត៌មាននានា ទាំងជាតិ និងបរទេស​ធ្វើការសរសេរអ្វីប្រកប​ដោយភាពវិជ្ជមាន និងជាក់ស្តែងនោះ ទីប្រឹក្សាសន្តិសុខជាតិ​របស់រដ្ឋាភិបាល​មីយ៉ាន់ម៉ារូបនេះ ក៏បានព្រមាន​ផងដែរ ចំពោះ​សារព័ត៌មានក្លែងក្លាយមួយចំនួន ដែលបានសរសេរ​ប្រឌិតចំពោះស្ថានការណ៍​នៅក្នុងរដ្ឋ រ៉ាឃីន ដែលរដ្ឋាភិបាល​​បានចាត់ថា ជាទង្វើបំភ័ន្តមតិ​សាធារណជន។

លោក យូ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «សារព័ត៌មាន​មួយចំនួន កំពុងលើកប្រយោជន៍​ឲ្យពួកភេរវករ​ ដោយព្យាយាមបំបែក​បំបាក់​សហគមន៍នានា ដែលកំពុងតែបែកបាក់ស្រាប់​ទៅហើយនៅរដ្ឋរ៉ាឃីននោះ ហើយទង្វើក៏បាន និងកំពុងធ្វើឲ្យ​អន្តរជាតិមានការយល់ខុស​ ចំពោះរដ្ឋាភិបាល​មីយ៉ាន់ម៉ាផងដែរ»។ បច្ចុប្បន្ន​មេដឹកនាំដ៏ល្បីល្បាញ​របស់មីយ៉ាន់ម៉ា លោកស្រី អោងសាន ស៊ូជី កំពុងតែព្យាយាម​ដោះស្រាយបញ្ហា ដែលមានការប្រទាញប្រទង់​គ្នាយ៉ាងខ្លាំង រវាងព័ត៌មានដែល​ផ្សាយដោយអន្តរជាតិ និងព័ត៌មាន​ដែលបញ្ចេញ​ដោយរដ្ឋាភិបាលមីយ៉ាន់ម៉ា​ផ្ទាល់ ប៉ុន្តែភាពពិត​នៃបញ្ហាជាក់ស្តែង គឺជនជាតិភាគ​តិចរ៉ូហ៊ីងយ៉ា​រាប់សែននាក់​ទៅហើយ កំពុងតែរស់នៅ​ភៀសខ្លួនក្នុងប្រទេស​បង់ក្លាដែស ហើយបាតុកម្ម​ប្រឆាំងភូមា ក៏បានផ្ទុះឡើងដែរ៕