(សេអ៊ូល)៖ អត្រាគាំទ្ររបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានធ្លាក់មកនៅក្រោម ៧០ភាគរយ ជាលើកដំបូងបំផុត គិតចាប់តាំងពីលោកជាប់ឆ្នោតជាប្រធានាធិបតីកូរ៉េខាងត្បូង កាលពីខែឧសភាមក។ ការធ្លាក់ចុះនេះមានជាប់ពាក់ព័ន្ធនឹងហានិភ័យ នៃភូមិសាស្ត្រនយោបាយបង្កឡើងការធ្វើតេស្ដបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរជាលើកទី០៦ កាលពីសប្ដាហ៍មុន របស់ប្រទេសកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែកញ្ញា ឆ្នាំ២០១៧។
យោងតាមរបាយការណ៍ស្ទង់មតិ ចេញផ្សាយដោយវិទ្យាស្ថាន Realmater survey នៅថ្ងៃព្រហស្បតិ៍នេះ លោក មូន ទទួលបានការគំាទ្រ ៦៩ភាគរយ នៅក្នុងសប្ដាហ៍នេះ ពោលគឺធ្លាក់ចុះអស់ ៤.១ភាគរយ បើធៀបទៅនឹងសប្ដាហ៍មុន។ ម្យាងវិញទៀត ការធ្លាក់ចុះប្រជាប្រិយភាពក្រោម ៧០ភាគរយ ជាលើកដំបូងផុត ចាប់តាំងពីលោក មូន ឡើងកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូង កាលពីថ្ងៃទី១០ ខែឧសភា ហើយការធ្លាក់ចុះនេះទៀតសោត មានជាប់ទាក់ទិននឹងការកើនឡើង នៃហានិភ័យភូមិសាស្ត្រនយោបាយ នៅលើឧបទ្វីបកូរ៉េ បង្កឡើងដោយការធ្វើតេស្ដអាវុធនុយក្លេអ៊ែរកាលពីថ្ងៃអាទិត្យ ដែលទីក្រុងព្យុងយ៉ាង ប្រកាសប្រាប់ពិភពលោកថា ជាគ្រាប់បែកអ៊ីដ្រូសែន បំពាក់លើមីស៊ីលឆ្លងទ្វីប ICBM បាញ់ដល់ដីគោករបស់សហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា ការស្ទង់មតិនៃវិទ្យសា្ថន Realmater survey ធ្វើឡើងផ្អែកលើការសាកសួរប្រជាជនកូរ៉េខាងត្បូង មានសិទ្ធិបោះឆ្នោតប្រមាណជា ១,៥២៨នាក់ ចាប់ពីថ្ងៃចន្ទ រហូតដល់ថ្ងៃពុធ ដោយក្នុងនោះមាន ២.៥ភាគរយ នៃអ្នកត្រូវបានសាកសួរមានកំហុសបន្តិចបន្ដួច រីឯអាត្រាអាចទុកចិត្តបានមាន ៩៥ភាគរយ៕