(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានស្នើឱ្យអង្គការសហប្រជាជាតិ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើវិស័យប្រេងកូរ៉េខាងជើង ក៏ដូចជាបង្កករាល់ទ្រព្យសម្បតិ្តរបស់លោក គីម ជុងអ៊ុន ដែលនេះអាច នឹងបង្កជាភាពចម្រូងចម្រាសសាជាថ្មីជាមួយរុស្ស៊ី និងចិន ខណៈពួកគេកំពុងពិចារណាថា គួរឆ្លើយតបយ៉ាងណា ចំពោះការធ្វើតេស្ដបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរជាលើកទី០៦ ពីទីក្រុងព្យុងយ៉ាង កាលពីថ្ងៃអាទិត្យ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែកញ្ញា ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរ បើតាមទីភ្នាក់ងារសារព័ត៌មានបារំាង AFP សេចក្ដីព្រាងទណ្ឌកម្មនេះ មិនមែនផ្ដោតសំខាន់តែលើការដាក់ទណ្ឌកម្មលើវិស័យប្រេង និងឧស្ម័នប៉ុណ្ណោះទេ ក៏ប៉ុន្តែវាក៏មានគោល ដៅលើវិស័យនាំចេញវាយណភ័ណ្ឌ និងការជួលពលករកូរ៉េខាងជើងនៅបរទេសផងដែរដើម្បីទប់ស្កាត់ប្រាក់ចំណូល នៃរបបដឹកនាំរបស់ លោក គីម ជុងអ៊ុន។ តែទោះជាយ៉ាងនេះក្ដី ចិននៅតែ ស្ទាក់ស្ទើរក្នុងការដាក់ទណ្ឌកម្មយូរអង្វែងប្រឆាំងនឹងកូរ៉េខាងជើង ត្បិតខ្លាចក្រែងវាបង្កជាវិបត្តិជនភៀសខ្លួននៅតាមតំបន់ព្រំដែន ចំណែកឯរុស្ស៊ីក៏ជំទាស់ នឹងការដាក់ទណ្ឌកម្មដែរ ដោយសំអាងថា ប៉ះពាល់ដល់ស្ថានភាពមនុស្សធម៌ ឬក៏បង្កជាវិបត្តិមនុស្សជាតិ នៅកូរ៉េខាងជើង។
មួយវិញទៀត ខ្នងបង្អែកដ៏ធំទំាងពីររបស់កូរ៉េខាងជើង ថែមទំាងអំពាវឱ្យសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បញ្ឈប់ ឬផ្អាកការធ្វើសមយុទ្ធយោធា ដើម្បីកុំឱ្យទីក្រុងព្យុងយ៉ាង មានលែសបាញ់សាកល្បងមីស៊ីល ឬអាវុធនុយក្លេអ៊ែរ ព្រោះនៅក្នុងកែវភ្នែកថ្នាក់ដឹកនាំកូរ៉េខាងជើង ការធ្វើសមយុទ្ធយោធារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល គឺជាសកម្មភាពត្រៀមឈ្លានពានផ្ដួលរំលំរបបដឹកនាំ លោក គីម ជុងអ៊ុន។
គួរបញ្ជាក់ថា នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃពុធ ជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង លោក ដូណាល់ ត្រាំ បានអះអាងថា ការប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងកូរ៉េខាងជើង មិនមែនជាជម្រើសរបស់លោកឡើយ ហើយថានឹងជំរុញឱ្យមានការដោះស្រាយវិបត្តិតាមផ្លូវការទូត៕