(វ៉ាស៊ីនតោន)៖ អាជ្ញាធរអាមេរិកបានសម្រេចចិត្តចាប់ផ្ដើមជម្លៀសប្រជាជន ចេញពីផ្នែកខ្លះនៃរដ្ឋផ្លូរីដា (Florida) ខណៈព្យុះ Hurricane Irma ត្រូវបានគេរំពឹងថា អាចនឹងវាយសង្គ្រប់មកលើរដ្ឋភាគអាគ្នេយ៍សហរដ្ឋអាមេរិកមួយនេះ នៅចុងសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែកញ្ញា ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរ ក្រុមមន្ត្រីនៃតំបន់ ម៉ៃអាមី (Miami-Dade County) បានផ្ដល់យោបល់ដល់ប្រជាជនរស់នៅតាមតំបន់ទាប ចាប់ផ្ដើមជម្លៀសចេញនៅថ្ងៃពុធ រីឯពួកអាជ្ញាធរក្នុង Monroe County បានចេញបញ្ជាជម្លៀសខ្លួន សម្រាប់ភ្ញៀវទេសចរណ៍ដោយចាប់ផ្ដើមនៅព្រឹកថ្ងៃពុធ និងប្រជាជនរស់នៅក្នុងតំបន់នៅល្ងាចថ្ងៃពុធ ស្របពេលដែលប្រជាជននៃតំបន់ Broward County រហូតដល់តំបន់ Miami-Dade County ក៏នឹងត្រូវចាប់ផ្ដើមជម្លៀសចេញនៅល្ងាចថ្ងៃព្រហស្បតិ៍ (ម៉ោងនៅក្នុងតំបន់) ផងដែរ។
គួរបញ្ជាក់ថា កាលពីប៉ុន្មានសប្ដាហ៍មុន ខ្យល់ព្យុះ Hurricane Harvey ដែលបានវាយប្រហារមកលើរដ្ឋតិចសាស់តាំងតែពីថ្ងៃទី២៥ ខែសីហា និងបានបង្កជាទឹកជំនន់អាក្រក់បំផុតនៅក្នុង ប្រវត្តិសាស្ត្រអាមេរិក អស់រយៈពេល ៥០ឆ្នាំមកនេះ បានបង្ខំឱ្យអាជ្ញាធរជម្លៀសមនុស្សជាង ១លាននាក់ ទៅកាន់កន្លែងមានសុវត្ថិភាព ខណៈផ្ទះជាង ២០០,០០០ខ្នង ត្រូវបានបំផ្លាញ រីឯទីក្រុងហួស្ដុន (Houston) រងគ្រោះ ធ្ងន់ធ្ងរជាងគេដោយខ្ពស់ទឹកភ្លៀងឡើងដល់កម្ពស់ ១.៤ម៉ែត្រ ហើយមនុស្ស ៦០នាក់ បានបាត់បង់ជីវិត៕