(សេអ៊ូល)៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថា ការដាក់ពង្រាយប្រព័ន្ធមីស៊ីល THAAD បានបញ្ចប់ទាំងស្រុងហើយ និងចាត់ទុកថា វាគឺជាវិធានការបន្ទាន់ សំដៅទប់ទល់នឹងការគំរាមកំហែងពីកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែកញ្ញា ឆ្នាំ២០១៧។
ការប្រកាសនេះធ្វើឡើងបន្ទាប់ពីកងទ័ពអាមេរិក និងកូរ៉េខាងត្បូង បានសម្រេចចិត្តដាក់ពង្រាយបន្ថែម រថយន្ដផ្ទុកជើងទម្របាញ់មីស៊ីល នៃប្រព័ន្ធខែលការពារមីស៊ីល THAAD ចំនួនបួនគ្រឿងនៅឯ មូលដ្ឋានអាមេរិកនៃតំបន់សឹងជូ (Seongju) ស្ថិតក្នុងខេត្តជីយ៉ុងសាងខាងជើង (North Gyeongsang) ដើម្បីទប់ទល់នឹងការគំរាមហែងផ្នែកសន្តិសុខ ជាយថាហេតុណាមួយពីសំណាក់មីស៊ីល និងអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង ដែលទើបតែបានបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរជាលើកទី០៦ កាលពីថ្ងៃអាទិត្យ ធ្វើឱ្យរញ្ជួយដល់សហគមន៍អន្តរជាតិ។
គួរបញ្ជាក់ថា នៅពេលដែលរថយន្ដបាញ់មីស៊ីលទាំងបួននេះ ត្រូវបានដាក់ពង្រាយរួចរាល់នៅថ្ងៃព្រហស្បតិ៍នេះ នោះប្រព័ន្ធមីស៊ីលអាមេរិកនឹងត្រូវបំពាក់ទាំងស្រុង ក្នុងនោះរួមមានរថយន្ដ បាញ់មីស៊ីលចំនួន ០៦គ្រឿង ប្រព័ន្ធស្ទាក់ចាប់មីស៊ីល ៤៨ អង្គភាពគ្រប់គ្រងការបាញ់មីស៊ីល និងប្រព័ន្ធទំនាក់ទំនង រួមទាំងរ៉ាដា AN/TPY-2 ផងដែរ។ ក៏ប៉ុន្តែព្រមពេលជាមួយគ្នា ក្រសួងការពារជាតិកូរ៉េខាងត្បូង មិនទាន់បានបញ្ជាក់ពីកាលបរិច្ឆេទជាក់លាក់ ក្នុងការប្រតិបត្តិការនៅឡើយទេ រីឯចិន និងរុស្ស៊ីត្រូវបានគេរំពឹងនឹងជំទាស់យ៉ាងខ្លាំងនឹងគំរោងនេះ៕