(ដាម៉ាស់)៖ ក្រុមអ្នកស៊ើបអង្កេតលើឧក្រិដ្ឋកម្មសង្រ្គាមរបស់ UN​ នៅថ្ងៃពុធនេះ បាននិយាយថា កម្លាំងរដ្ឋាភិបាលស៊ីរីបានប្រើប្រាស់អាវុធគីមីច្រើនជាង ១០ដងនៅអំឡុងពេលធ្វើប្រតិបត្តិការ យោធានៅក្នុងសង្រ្គាមស៊ីរី ក្នុងនោះបូករួមទាំងការវាយប្រហារដោយអាវុធគីមីកាលពីខែមេសា ផ្ដាច់យកអាយុជីវិតមនុស្សរាប់សិបនាក់ នៅទីក្រុងខាន់សៀកឃុន (Khan Sheikhoun)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters​ នៅថ្ងៃពុធ ទី០៦ ខែកញ្ញា ឆ្នាំ២០១៧។

យោងតាមក្រុមអ្នកស៊ើបអង្កេត UN យន្ដហោះមួយគ្រឿងរបស់រដ្ឋាភិបាលស៊ីរី បានទម្លាក់គ្រាប់បែកគីមីប្រភេទសារីន (​Sarin) ទៅលើទីក្រុងទីក្រុងខាន់សៀកឃុន នៃខេត្តអ៊ីត្លីប (Idlib) កាលពីខែមេសា សម្លាប់ជនស៊ីវិលច្រើនជាង៨០នាក់ ខណៈយន្ដហោះចម្បាំងមកពីក្រុមចំរុះអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក ក៏បានបើកការវាយប្រហារតាមផ្លូវអាកាសលើវិហារអ៊ីស្លាម អាល់-ជីណា (Al-Jina) ស្ថិតនៅជាយទីក្រុងអាឡិបប៉ូ (Aleppo) ដោយផ្ដាច់យកអាយុជីវិតមនុស្ស៣៨នាក់ផងដែរ កាលពីខែមីនាកន្លងទៅ។ ក៏ប៉ុន្តែ នៅក្នុងសេចក្ដីសន្និដ្ឋានរបស់អង្គការ ហាមឃាត់អាវុធគីមី (OPCW) មិនបានបញ្ជាក់ថារដ្ឋាភិបាលស៊ីរី គឺជាអ្នកទទួលខុសត្រូវលើការប្រើប្រាស់អាវុធគីមីនេះឡើយ ហើយក៏មិនបានថាការវាយប្រហារតាមផ្លូវអាកាសរបស់ សហរដ្ឋអាមេរិក មានជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មសង្រ្គាមដែរ។

គួរបញ្ជាក់ថា អាវុធគីមីដែលគេប្រើប្រាស់នៅក្នុងទីក្រុងខាន់សៀកឃុន ត្រូវបានកំណត់អត្តសញ្ញាណជាសារធាតុគីមីពុលប្រភេទសារីន តែរដ្ឋាភិបាលស៊ីរី បានបដិសេធរាល់ការចោទប្រកាន់ ទំាងឡាយ៕