(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តអនុញ្ញាតឱ្យជប៉ុន និងកូរ៉េខាងត្បូង ទិញអាវុធទំនើបៗបន្ថែមពីសហរដ្ឋអាមេរិក នៅក្នុងបរិបទដែលភាពតានតឹង នៅលើឧបទ្វីបកូរ៉េកាន់តែឡើងកម្ដៅ។ ការឡើងកម្ដៅនេះ គឺបន្ទាប់ពីកូរ៉េខាងជើងធ្វើតេស្ដបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរជាលើកទី០៦ បើទោះជាមានការព្រមានរាប់ភ្លេចពី ទីក្រុងវ៉ាស៊ីនតោន និងទណ្ឌកម្មពីសហគមន៍អន្តរជាតិក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន The Independent នៅរសៀលថ្ងៃពុធ ទី០៦ ខែកញ្ញា ឆ្នាំ២០១៧។
ថ្លែងនៅលើប្រអប់បញ្ចេញមតិ Twitter នៅថ្ងៃអង្គារសប្តាហ៍នេះ លោក ដូណាល់ ត្រាំ បាននិយាយយ៉ាងខ្លីដូច្នេះថា «ខ្ញុំអនុញ្ញាតឱ្យ ជប៉ុន និងកូរ៉េខាងត្បូង ទិញបរិក្ខាយោធាទំនើបៗក្នុងចំនួនដ៏ច្រើន ពីសហរដ្ឋអាមេរិក»។ ក៏ប៉ុន្តែប្រធានាធិបតីអាមេរិករូបនេះ មិនបានបញ្ជាក់ថា អាវុធប្រភេទណាត្រូវលក់ឱ្យសម្ព័ន្ធមិត្តទាំងពីរនេះឡើយ។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យកន្លងទៅ កូរ៉េខាងជើងបានប្រកាសថា ខ្លួនបានធ្វើតេស្ដបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរ-អ៊ីដ្រូសែនជាលើកទី០៦ ដោយជោគជ័យសម្រាប់បំពាក់លើមីស៊ីលឆ្លងទ្វីប ICBM ដែលក្រុមអ្នកជំនាញខ្លះថា វាអាចបាញ់ដល់ដីគោករបស់សហរដ្ឋអាមេរិក។ តែយ៉ាងណាក៏ដោយ លោក ដូណាល់ ត្រាំ បានចេញមុខព្រមានរបបដឹកនាំទីក្រុងព្យុងយ៉ាងត្រង់ៗតែម្ដងថា សហរដ្ឋអាមេរិក នឹងមិនស្ទាក់ស្ទើរឡើយក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីការពារខ្លួន និងសម្ព័ន្ធមិត្តពីការគំរាមកំហែងដោយកូរ៉េខាងជើង៕