(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាពេលថ្មីៗនេះបានសម្រេចជ្រើសរើសអ្នកតំណាងរាស្រ្តរដ្ឋ អូក្លាហូម៉ា (Oklahoma) លោក ជែមស៍ ប្រាយដិនស្ទីន (James Bridenstine) សម្រាប់មុខតំណែងជាប្រធានទីភ្នាក់ងារអវកាស ដ៏ល្បីរបស់ពិភពលោក NASA។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Scientific America នៅរសៀលថ្ងៃពុធ ទី០៦ ខែកញ្ញា ឆ្នាំ២០១៧។
ឆ្លើយតបចំពោះសេចក្តីប្រកាសនេះ ប្រធានស្តីពីរបស់ NASA លោក រ៉ូបឺត ឡៃហ្វ៊ូត (Robert Lightfood) បានថ្លែងថា លោកមានក្តីរីករាយជាខ្លាំងដែលបាន លោក Bridenstine មកដឹកនាំក្រុមការងាររបស់ខ្លួន និងកំពុងតែទន្ទឹងរង់ចាំធ្វើការងារ ជាមួយលោកអគ្គនាយកថ្មី NASA រូបនេះ។
គួរបញ្ជាក់ថា លោក James Bridenstine វ័យ ៤២ឆ្នាំ ត្រូវបានគេស្គាល់ថា គឺជាអ្នកគាំទ្រដ៏សកម្មម្នាក់ នៃនបេសកកម្មរុករកទៅកាន់ឋានព្រះច័ន្ទ។ បច្ចុប្បន្ននេះ NASA កំពុងតែផ្តោតសំខាន់ឡើងវិញ ចំពោះការស្រាវជ្រាវ និងដាក់អាណានិគមលើព្រះច័ន្ទ ដែលស្ថិតនៅជិតផែនដីបំផុត ហើយសម្រាប់គំរោងទៅភពអង្គារវិញ គឺនៅតែស្ថិតនៅជាធម្មតា មិនមានអ្វីប្រែប្រួលខ្លាំងឡើយ៕