នាយករដ្ឋមន្ត្រីជប៉ុនព្រលយមួយឃ្លា៖ «ផ្លូវដែលកូរ៉េខាងជើងកំពុងដើរ គឺគ្មានអនាគតទេ»
06-09-2017 12:18
(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីន ហ្សូអាបេ នៅថ្ងៃពុធនេះបាននិយាយថា លោកចង់ឱ្យកូរ៉េខាងជើងយល់ថា ខ្លួននឹងមិនមានអនាគតភ្លឺស្វាងឡើយ បើនៅតែបន្តដើរលើផ្លូវដែលខ្លួនកំពុងដើរបច្ចុប្បន្ន ហើយចំាបាច់ណាស់ត្រូវតែផ្លាស់ប្ដូរ គោលនយោបាយរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters ដកស្រង់ដោយ Channel News Asia នៅរសៀលថ្ងៃពុធ ទី០៦ ខែកញ្ញា ឆ្នាំ២០១៧។
ថ្លែងប្រាប់អ្នកសារព័ត៌មាននានា លោក អាបេ បានបញ្ជាក់ទៀតថា លោកចង់ពិភាក្សាពីស្ថានភាពកូរ៉េខាងជើង ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន នៅក្នុងជំនួបដាច់ដោយឡែកមួយ នៅក្នុងសប្ដាហ៍នេះនៅឯទីក្រុង វ៉្លាឌីវ៉ូស្តូក (Vladivostok) ប្រទេសរុស្ស៊ី។ ជប៉ុន និងកូរ៉េខាងត្បូង ត្រូវបានគេមើលឃើញថា មិនអាចរំពឹងតែលើអំណាចអាមេរិក ដើម្បីការពារខ្លួនបានគ្រប់ជ្រុងជ្រោយនោះឡើយ ដូច្នេះមានតែការសម្រុះសម្រួលជាមួយបងធំ ដែលស្និទ្ធស្នាលនឹងកូរ៉េខាងជើង ឲ្យជួយរារាំងទង្វើគគ្លើនរបស់រដ្ឋកុម្មុយនិស្តមួយនេះ តែប៉ុណ្ណោះ។
គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីជប៉ុន និងលោក ពូទីន ត្រូវបានគេរំពឹងដែរថា នឹងពិភាក្សាគ្នា ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសន្ធិសញ្ញាសន្តិភាពរវាងប្រទេសទាំងពីរ ហើយក្នុងនោះវត្តមានរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូ ជែអ៊ីន និងក្លាយជាឱកាសថ្មីមួយ ក្នុងការផ្សាភ្ជាប់កិច្ចពិភាក្សារវាងគ្នា ជប៉ុន-កូរ៉េខាងត្បូង-រុស្ស៊ី ដែលសុទ្ធសឹងជាប្រទេសនៅព័ទ្ធជុំវិញកូរ៉េខាងជើង ហើយនឹងងាយរងគ្រោះដោយកម្មវិធីនុយក្លេអ៊ែរ-មីស៊ីល ជាយថាហេតុផងក៏ថាបាន៕