(វ៉ាស៊ីនតោន)៖ អគ្គរដ្ឋទូតអាមេរិកប្រចំា UN លោកស្រី នីកគី ហាឡេយ (Nikki Haley) បាននិយាយថា អ៊ីរ៉ង់អាចនឹងក្លាយជាកូរ៉េខាងជើងថ្មី បើសិនជាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ មិនត្រូវបានកែតម្រូវឡើង វិញទេនោះ។ ការថ្លែងបែបនេះរបស់ លោកស្រី Haley ធ្វើឡើងនៅក្នុងបរិបទ ដែលអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក កំពុងចោទប្រកាន់គ្នាទៅវិញទៅមក ជុំវិញការរំលោភលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Straitstimes នៅព្រឹកថ្ងៃពុធ ទី០៦ ខែកញ្ញា ឆ្នាំ២០១៧។
លោក ដូណាល់ ត្រាំ នៅពាក់កណ្ដាលខែតុលាខាងមុខនេះ នឹងត្រូវធ្វើការសម្រេចចិត្តថា តើលោកត្រូវបញ្ជាក់ ឬមិនបញ្ជាក់ នៅចំពោះមុខសភាអាមេរិកថា អ៊ីរ៉ង់បានគោរពតាមលក្ខខណ្ឌ នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរកាលពីឆ្នាំ២០១៥ ឬក៏យ៉ាងណា។ មិនតែប៉ុណ្ណោះ លោក ត្រាំ ក៏ត្រូវបានគេរំពឹងដែរថា នឹងធ្វើការបញ្ជាក់បែបនេះប្រាប់សភារាល់ ៩០ថ្ងៃម្ដង បើទោះជាលោកផ្ទាល់ ធ្លាប់បានសន្យាលុបចោលកិច្ចព្រមព្រៀងនេះ រីឯអ៊ីរ៉ង់នៅតែបន្តធ្វើតេស្ដមីស៊ីលជាបន្តបន្ទាប់ក៏ដោយ។
តែយ៉ាងណាក៏ដោយ លោកស្រី Nikki Haley បានគូសបញ្ជាក់យ៉ាងដូច្នេះថា «មេដឹកនាំអ៊ីរ៉ង់កំពុងប្រើប្រាស់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដើម្បីចាប់ពិភពលោកជាចំណាប់ខ្មាំង ដូច្នេះបើសិនជាយើងនៅតែបន្តនិយាយថា យើងនឹងដោះស្រាយវានៅពេលក្រោយ នោះយើងនឹង ដោះស្រាយជាមួយកូរ៉េខាងជើងថ្មី (អ៊ីរ៉ង់)»។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ត្រូវបានចុះហត្ថលេខាជាផ្លូវការកាលពីឆ្នាំ២០១៥ ដោយមានការចូលរួមពីប្រទេសមហាអំណាច ៥ បូក ១ មានដូចជារុស្ស៊ី ចិន បារាំង អង់គ្លេស អាល្លឺម៉ង់ និងសហរដ្ឋអាមេរិក»៕