(បាកដាដ)៖ មកទល់ពេលនេះមនុស្សរហូតដល់ ១,២០០នាក់ បានភៀសខ្លួនចេញពីតំបន់ជាច្រើនក្នុងប្រទេសអ៊ីរ៉ាក់ ដែលកាន់កាប់ដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ISIS នៅក្បែរព្រំដែនជាមួយស៊ីរី ទៅកាន់ទីក្រុងដែលគ្រប់គ្រងដោយរដ្ឋាភិបាលអ៊ីរ៉ាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី០៦ ខែកញ្ញា ឆ្នាំ២០១៧។
រដ្ឋបាលថ្នាក់តំបន់នៃទីក្រុង រុតបា (Rutba) ចម្ងាយប្រមាណ ៣៧០គីឡូម៉ែត្រ ពីរដ្ឋធានីបាកដាដរបស់អ៊ីរ៉ាក់ បានរៀបចំទទួលជនភៀសខ្លួនប្រហែល ១,២០០នាក់ ភាគច្រើនជាស្រ្តី និងកុមារ ដែលរត់គេចចេញពីទីក្រុង អាណា (Aana), រ៉ាវ៉ា (Rawa), និង អាល់គែម (al-Qaim) ដែលបានធ្លាក់ក្រោមកណ្តាប់ដៃរបស់ក្រុម ISIS។ ពួកគេទាំងនេះ បានទៅដល់ក្រុង Rutba បន្ទាប់ពីបានលួចដើរលបៗចេញពីផ្ទះសម្បែងរៀងៗខ្លួន ហើយធ្វើដំណើរឆ្លងកាត់វាលខ្សាច់ចម្ងាយជាង ២០០គីឡូម៉ែត្រ ដែលលាតសន្ធឹងចន្លោះទីក្រុងរបស់ពួកគេ និងក្រុង Rutba។
គួរបញ្ជាក់ថា ទោះបីជាទីក្រុង តាល់ អាហ្វារ (Tal Afar), ម៉ូស៊ូល (Mosul), និងខេត្ត នីណេវេហ៍ (Nineveh) ត្រូវបានរំដោះផុតពីដៃ ISIS ទាំងស្រុងក៏ដោយ កងទ័ពអ៊ីរ៉ាក់នៅតែត្រូវបន្តបើកប្រតិបត្តិការយោធាជាច្រើនថែមទៀត ដើម្បីកម្ចាត់វត្តមានរបស់ក្រុមភេរវករនេះ ឲ្យអស់ទាំងស្រុងពីលើទឹកដីប្រទេសអ៊ីរ៉ាក់ ដូចជានៅក្រុង ហាវីចាហ៍ (Hawijah) ក្នុងខេត្តកឺគុក (Kirkuk) ភាគនិរតី, តំបន់មួយចំនួន នៅខេត្ត សាឡាហ៊ូឌីន (Salahudin) ភាគកើត, និងតំបន់ឈរជើងដទៃផ្សេងទៀតរបស់ ISIS នៅក្បែរព្រំដែនស៊ីរី រួមមានទាំងក្រុង Aana, Rawa, និង al-Qaim នៃខេត្ត អាន់បារ (Anbar) ភាគខាងលិចប្រទេសជាដើម៕