(ប៉េកាំង)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានជំរុញឱ្យកូរ៉េខាងជើងរៀនសូត្រពីការដួលរលំ នៃរបបដឹកនាំ លោក សាដដំា ហ៊ូស្សេន នៅអ៊ីរ៉ាក់ហើយថែមទាំងបានព្រមានដែរថា ទីក្រុងព្យុងយ៉ាង អាចនឹងមានជោគវាសនាដូចអ៊ីរ៉ាក់ បើមិនព្រមដកខ្លួនចេញឱ្យឆ្ងាយពីកម្មវិធីនុយក្លេអ៊ែរទេនោះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅព្រឹកថ្ងៃពុធ ទី០៦ ខែកញ្ញា ឆ្នាំ២០១៧។
ការថ្លែងបែបនេះរបស់ លោក ពូទីន ធ្វើឡើងនៅអំឡុងថ្លែងសុន្ទរកថាបិទកិច្ចប្រជុំកំពូល BRICS នៅក្នុងប្រទេសចិននៅថ្ងៃអង្គារនេះ។ លោក ពូទីន បានកត់សម្គាល់យ៉ាងដូច្នេះថា «សាដដំា ហ៊ូសេ្សន បានទាត់ចោលការផលិតអាវុធប្រល័យលោក ក៏ប៉ុន្តែនៅក្រោមលែសនេះ គាត់នៅតែត្រូវបានគេសម្លាប់ ហើយសមាជិកគ្រួសាររបស់គាត់ ក៏ត្រូវបានសម្លាប់ដែរ... អ៊ីរ៉ាក់ត្រូវបានបំផ្លាញរីឯ សាដដាំ ត្រូវគេកាត់ទោសព្យួរក។ អ្នកគ្រប់គ្នា និងប្រជាជននៅកូរ៉េខាងជើងសុទ្ធតែដឹងពីរឿងនេះ ដូច្នេះតើអ្នកគិតដែរទេថា ការដាក់ទណ្ឌកម្មអាចឱ្យកូរ៉េខាងជើងបោះបង់ចោលការផលិត អាវុធប្រល័យលោក?»។
លោក ពូទីន បន្ថែមថា «រុស្ស៊ីថ្កោលទោសចំពោះសកម្មភាពបង្ករឿងរបស់កូរ៉េខាងជើង ព្រមទាំងបដិសេធជាដាច់ការប្រើប្រាស់កម្លាំងយោធា ដោះស្រាយវិបត្តិនៅលើឧបទ្វីបកូរ៉េ ត្បិតយើងមិនគួរភ្លេចឡើយ ហើយកូរ៉េខាងជើងក៏មិនគួរភ្លេចដែរ ពីអ្វីដែលបានកើតឡើងនៅអ៊ីរ៉ាក់»។
គួររំលឹកថា នៅឆ្នាំ២០០៣ ដោយចោទប្រកាន់ថា អ៊ីរ៉ាក់មានអាវុធនុយក្លេអ៊ែរ ទើបអតីតប្រធានាធិបតី ចច ដាប់ប៊ែលយូប៊ូស បានសម្រេចចិត្តចូលឈ្លានពានទីក្រុងបាកដាដ ដើម្បីផ្ដួលរំលំរបបដឹកនាំ សាដដាំ ហ៊ូស្សេន បើទោះជានៅពេលនោះគេគ្រប់គ្នាដឹងថា អ៊ីរ៉ាក់គ្មានអាវុធនុយក្លេអ៊ែរក៏ដោយ។ ចំណាយពេលត្រឹមតែជាងពីរខែ កងទ័ពអាមេរិកបានចូលទៅដល់ទីក្រុងបាកដាដ និងចាប់ សាដដាំ ហ៊ូស្សេន ដាក់គុគមុននឹងកាត់ទោសព្យូរកអតីតមេដឹកនាំអ៊ីរ៉ាក់រូបនេះនៅឆ្នាំ២០០៦។
អន្តរាគមន៍យោធាអាមេរិក មិនបានបញ្ចប់ត្រឹមអ៊ីរ៉ាក់នោះទេរបបដឹកនាំ លោក កាដាហ្វី នៅលីប៊ី ក៏មានវាសនាមិនខុសគ្នាពី សាដដាំ ហ៊ូស្សេន ដែរគឺត្រូវកងកម៉្មង់ដូរពិសេសអាមេរិកអង់គ្លេស និងបារាំងផ្ដួលរំលំ ហើយនៅទីបំផុត កាដាហ្វី ត្រូវគេបាញ់ស្លាប់តៃហោងនៅឆ្នាំ២០១១។ ដូច្នេះចង់ ឬមិនចង់ ផ្អែកលើមេរៀននៅលីប៊ី និងអ៊ីរ៉ាក់ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដឹងនៅក្នុងចិត្តយ៉ាងច្បាស់ថា មានតែអាវុធនុយក្លេអ៊ែរ និងយោធារឹងមាំតែប៉ុណ្ណោះ ដែលអាចការពារអំណាចរបស់ខ្លួន ក៏ដូចជាកំញើញសហរដ្ឋអាមេរិក មិនឱ្យប្រថុយប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងខ្លួន៕