(តូក្យូ)៖ រដ្ឋមន្រ្តីការពារជាតិជប៉ុនបានឲ្យដឹងថា ការធ្វើតេស្តក្បាលគ្រាប់នុយក្លេអ៊ែរលើកទី ០៦ របស់កូរ៉េខាងជើងកាលពីពេលថ្មីៗនេះ តាមពិតទៅមានឥទ្ធិពលខ្លាំងក្លាមហិមាជាងអ្វី ដែលបានគិតទុកពីដំបូងទៅទៀត ខណៈកម្លាំងផ្ទុះរបស់វា គឺមានទំហំធំជាងឆ្ងាយមែនទែន បើធៀបទៅនឹងគ្រាប់បែកបរមាណូ ដែលអាមេរិកបានទម្លាក់ទៅលើទីក្រុងហីរ៉ូស៊ីម៉ា (Hiroshima) ប្រទេសជប៉ុន កាលពីឆ្នាំ១៩៤៥។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃពុធ ទី០៦ ខែកញ្ញា ឆ្នាំ២០១៧។
អង្គការអន្តរជាតិនៃសន្ធិសញ្ញាហាមឃាត់ការធ្វើតេស្តអាវុធនុយក្លេអ៊ែរ (CTBTO) ពីដំបូងឡើយ បានអះអាងថា គ្រាប់បែកនុយក្លអ៊ែរដែលកូរ៉េខាងជើង បានធ្វើតេស្តកាលពីពេលថ្មីៗនេះនោះ មានកម្លាំងផ្ទុះប្រហែលជា ៧០គីឡូតោន ក៏ប៉ុន្តែនាពេលនេះរដ្ឋមន្រ្តីការពារជាតិជប៉ុន លោក អ៊ីតស៊ុនួរី អូណូឌែរ៉ា (Itsunori Onodera) បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ការវាយតម្លៃសាជាថ្មីម្តងទៀត ដោយ CTBTO បានប៉ាន់ប្រមាណថា ឥទ្ធិពលរបស់វាគឺប្រមាណ ១២០គីឡូតោនឯណោះ។
គួរបញ្ជាក់ថា ប្រការនេះនឹងធ្វើឲ្យគ្រាប់បែកនុយក្លេអ៊ែរ កាលពីថ្ងៃអាទិត្យកន្លងទៅ របស់ទីក្រុងព្យុងយ៉ាង មានកម្លាំងផ្ទុះខ្លាំងគ្រាប់បែកបរមាណូ ដែលសហរដ្ឋអាមេរិកបានទម្លាក់លើទីក្រុង Hiroshima របស់ជប៉ុន កាលពីសម័យសង្រ្គាមលោកលើកទី ២ ដល់ទៅជិត ១០ដង ខណៈកម្លាំងផ្ទុះនៃគ្រាប់បែកបរមាណូរបស់អាមេរិក នាពេលនោះគឺត្រឹម ១៥គីឡូតោនប៉ុណ្ណោះ៕