(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី០៥ ខែកញ្ញា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ យន្តហោះដឹកអ្នកដំណើរ របស់អាកាសចរណ៍ជាតិឥណ្ឌា ចុះចតខុសបច្ចេកទេស បណ្តាលឲ្យរអិលធ្លាក់ចេញពីផ្លូវព្រលាន ប៉ុន្តែមិនបង្កឲ្យមានមនុស្សរងគ្រោះថ្នាក់ឡើយ។
២៖ ចំនួនមនុស្សស្លាប់ ដោយសារតែគ្រោះថ្នាក់ផ្សេងៗ ពាក់ព័ន្ធការវាយប្រហារដោយព្យុះកំណាច Harvey ទៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក កើនឡើងដល់៦០នាក់ហើយ។
៣៖ ភ្នាក់ងារពន្លត់អគ្គីភ័យអាមេរិកជាង១,០០០នាក់ ខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងអំឡុងពេល០៤ថ្ងៃកន្លងទៅនេះ ដើម្បីពន្លត់ភ្លើងឆេះព្រៃ លើផ្ទៃដីប្រមាណ៧,០០០ហិកតា នៅក្នុងរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក ដោយអគ្គីភ័យ៣០ភាគរយ បានរលត់ជាស្ថាពរហើយ។
៤៖ អំពើហិង្សានៅមីយ៉ាន់ម៉ា ផ្តាច់ជីវិតមនុស្សឡើងដល់ជាង១,០០០នាក់ ខណៈមន្ត្រី UN ថ្លែងរិះគន់យ៉ាងខ្លាំងលើ អោងសាន ស៊ូជី និងយោធា។
៥៖ យន្តហោះដឹកអ្នកដំណើររបស់អាកាសចរណ៍ជប៉ុន Japan Airlines ដែលមានគោលដៅឆ្ពោះទៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក បកមកចុះចតយ៉ាងទាន់ហន់ នៅឯអាកាសយានដ្ឋាន Haneda ក្នុងទីក្រុងតូក្យូវិញ ពីព្រោះតែបញ្ហាម៉ាស៊ីន ដែលទំនងជាបង្កឡើងដោយសត្វបក្សីហោះចូល។
៦៖ បន្ទាប់ពីធ្វើសមយុទ្ធបាញ់មីស៊ីលចម្រុះតាមផ្លូវគោក និងផ្លូវអាកាសមិនអស់ចិត្ត កងទ័ពជើងទឹកកូរ៉េខាងត្បូង បើកការធ្វើសមយុទ្ធប្រើប្រាស់ គ្រាប់ពិតទ្រង់ទ្រាយធំមួយទៀត នៅលើដែនសមុទ្រខាងកើត (សមុទ្រជប៉ុន) ក្រោយការបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរជាលើក០៦ របស់កូរ៉េខាងជើង។
៧៖ ក្រោយពីបញ្ហាប្រឈមមុខដាក់គ្នា នៅព្រំដែនបានបញ្ចប់ទៅថ្មីៗនេះ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងនាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ជួបពិភាក្សាគ្នា នៅក្នុងទីក្រុង Xiamen ភាគខាងត្បូងប្រទេសចិន ក្រោយកិច្ចប្រជុំកំពូល BRICS លើកទី០៩៕