(តួកគី)៖ ថ្មីៗនេះប៉ូលីសបានរង់ចាំនៅខាងក្រៅមន្ទីរពេទ្យ Tekden ដែលនៅទីក្រុងកៃសេរី (Kayseri) ដើម្បីចាំចាប់ខ្លួនលោកស្រី ហ្សៃណប់ ថប់តាហ្ស (Zeynep Toptaş ) ដែលទើបតែសម្រាល់កូនរួច ក្នុងការចោទប្រកាន់ថា មានទំនាក់ទំនងជាមួយនឹងចលនា ហ្គូលេន។ នាងត្រូវបានចាប់ខ្លួនភ្លាមៗបន្ទាប់ពីទើបសម្រាលកូនរួច ដែលជាផ្នែកមួយនៃការបង្ក្រាបរបស់រដ្ឋាភិបាល ប្រឆាំងនឹងចលនាបន្ទាប់ពីការធ្វើរដ្ឋប្រហារកាលពីខែកក្កដាឆ្នាំមុន។ នេះបើតាមរបាយការណ៍ពី Stockholm នាល្ងាចថ្ងៃអង្គារ ទី០៥ ខែកញ្ញា ឆ្នាំ២០១៧។
ក្រុមនេះត្រូវបានរដ្ឋាភិបាលចោទប្រកាន់ថា ជាអ្នកនៅពីក្រោយរដ្ឋប្រហារនោះ ទោះបីជាពួកគេបានបដិសេធក៏ដោយ។ នេះមិនមែនជាលើកទីមួយទេ ដែលប៉ូលីសតួកគីត្រូវបានគេរាយការណ៍ថា បានរង់ចាំនៅខាងក្រៅ ឬខាងក្នុងមន្ទីរពេទ្យ សណ្ឋាគារ ក៏ដូចជានៅស្ថាប័នរដ្ឋផ្សេង ដើម្បីចាំចាប់ស្ត្រីដែលទើបតែមានកូនផងដែរ។ ហាវវា ហាមាំជើអូឡូ, នាស់ឡើ មើត, អីសរា ដែមៀត, អៃសុន អៃដែមៀត, អីឡិវ អាសឡានឺ នឹងហ្វាឌីមេ ហ្គូនៃ ទាំងនេះគឺជាស្ត្រីមួយចំនួន ដែលប្រឈមនឹងការចាប់ខ្លួនភ្លាមៗ បន្ទាប់ពីសម្រាល់កូនរួច។
ស្ត្រីជាង ១៧,០០០នាក់ នៅក្នុងប្រទេសតួកគី ដែលភាគច្រើនមានកូនតូចៗត្រូវបានដាក់គុក ក្នុងការបង្ក្រាបដែលមិនធ្លាប់មានពីមុនមក ហើយត្រូវទទួលរងការធ្វើទារុណកម្មនៅក្នុងមណ្ឌលឃុំឃាំង និងពន្ធនាគារ ដែលជាផ្នែកមួយនៃយុទ្ធនាការជាប្រព័ន្ធរបស់រដ្ឋាភិបាល ក្នុងការបំភិតបំភ័យ និងធ្វើទុក្ខបុកម្នេញអ្នករិះគន់ និងអ្នកប្រឆាំង។ របាយការណ៍មួយដែលមានចំណងជើងថា «ការលប់បំបាត់ស្ត្រីក្នុងប្រទេសតួកគី យុទ្ធនាការនៃការធ្វើទុក្ខបុកម្នេញ និងការភ័យខ្លាច» ចេញផ្សាយកាលពីខែមេសាដោយ SCF បានផ្សព្វផ្សាយ៕