(ប៊ែរឡាំង)៖ អធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែឡា មឺគែល (Angela Merkel) បានសន្យាយ៉ាងដាច់ណាត់ថា លោកស្រីនឹងរារាំងមិនឱ្យតួកគីក្លាយជាសមាជិកសភាពអឺរ៉ុប ហើយដែល នេះអាចនឹងធ្វើឱ្យទំនាក់ទំនងតានតឹងស្រាប់ រវាងប្រទេសទាំងពីរកាន់តែអាក្រក់ឡើង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃអង្គារ ទី០៥ ខែកញ្ញា ឆ្នាំ២០១៧។
ការថ្លែងបែបនេះរបស់លោកស្រី មឺគែល ធ្វើឡើងនៅអំឡុងកិច្ចពិភាក្សាដេញដោលមួយ តាមកញ្ចក់ទូរទស្សន៍ជាមួយគូរប្រជែងរបស់លោកស្រី គឺលោក Martin Schulz កាលពីថ្ងៃចន្ទ។ ជាមួយគ្នានោះដែរ នៅពេលត្រូវបានសាកសួរ ពាក់ព័ន្ធនឹងសមាជិកភាពតួកគីក្នុងសហភាពអឺរ៉ុប បើសិនជាលោកស្រីជាប់ឆ្នោតជាអធិការបតីអាល្លឺម៉ង់សាជាថ្មី នៅក្នុងការបោះឆ្នោតនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ខាងមុខនេះ លោកស្រី មឺគែល បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ជាការពិតណាស់តួកគី មិនគួរក្លាយជាសមាជិកសហភាពអឺរ៉ុបនោះទេ ហើយខ្ញុំក៏មិនជឿនោះដែរ ថារឿងបែបនេះនឹងកើតឡើង... ត្បិតខ្ញុំនឹងនិយាយជាមួយមេដឹនាំនៃបណ្ដារដ្ឋជាសមាជិកផ្សេងទៀត ដើម្បីឈានដល់ចំណុចរួមដែលយល់ថា ត្រូវរារាំងតួកគីមិនឱ្យចូលជាសមាជិកសហភាពអឺរ៉ុប ពោលគឺរហូតដល់យើងអាចបញ្ចប់កិច្ចចរចា ចូលជាសមាជិក»។
គួរបញ្ជាក់ថា ទំនាក់ទំនាងរវាងតួកគី និងអាល្លឺម៉ង់ ចាប់ផ្ដើមតានតឹងខ្លាំងនៅក្នុងឆ្នាំ២០១៧នេះ បន្ទាប់ពីអាជ្ញាធរអាល្លឺម៉ង់បានរារាំងមិនឱ្យប្រជាជនតួកគីរៀបចំការឃោសនាស្ដីពីការបោះ ឆ្នោតប្រជាមតិលើវិសោធនាកម្មរដ្ឋធម្មនុញ្ញតួកគីនៅលើទឹកដីរបស់ខ្លួន។ ចំណែកឯ ទីក្រុងអង់ការ៉ា ក៏បានបដិសេធអនុញ្ញាតឱ្យសមាជិកសភាអាល្លឺម៉ង់ បំពេញដំណើរទស្សនកិច្ចមកចុះសួរសុខទុក្ខកងទ័ពអាល្លឺម៉ង់ កំពុងឈរជើងនៅមូលដ្ឋានទ័ពអាកាស incirlik ផងដែរ។ តួកគីបានស្នើសុំចូលជាសមាជិកសហភាពអឺរ៉ុប តាំងតែពីឆ្នាំ២០០៥មកម្លេះ តែប៉ុន្មានខែប៉ុណ្ណោះ មុនលោកស្រី មឺគែល ជាប់ឆ្នោតជាអធិការបតីអាល្លឺម៉ង់៕