(ឡុងដ៍)៖ សា្ថបនិកគេហទំព័រ WikiLeaks លោក Julian Assange បាននិយាយថា សហរដ្ឋអាមេរិកកំពុងចាក់រុកឱ្យកូរ៉េខាងជើង ធ្វើតេស្ដមីស៊ីល និងអាវុធនុយក្លេអ៊ែរឱ្យកាន់តែច្រើនឡើង ដើម្បីមានលែសដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីល THAAD នៅលើទឹកដីកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី០៥ ខែកញ្ញា ឆ្នាំ២០១៧។
ថ្លែងនៅលើ Twitter លោក ជូលាន អាស្សាង (Julian Assange) ដែលកំពុងរស់នៅនិរទេសខ្លួននៅក្នុងស្ថានទូតអេក្វាឌ័រប្រចាំទីក្រុងឡុងដ៍ បានកត់សម្គាល់ដូច្នេះថា «កូរ៉េខាងត្បូងគឺជាគុយបាទី ០២ របស់ចិន... ត្បិតតាមរយៈការបង្កជម្លោះជាមួយកូរ៉េខាងជើង ទើបសហរដ្ឋអាមេរិកមានលែសដាក់ពង្រាយ ប្រព័ន្ធខែលការពារមីស៊ីល THAAD... ដូច្នេះតើវាអាចទៅរួចទេ គោលដៅចុងក្រោយរបស់សហរដ្ឋអាមេរិក គឺដាក់ពង្រាយគ្រាប់បែកនុយក្លេអ៊ែរនៅកូរ៉េខាងត្បូង? នៅក្នុងករណីនេះ យើងអាចរំពឹងថា ចិននឹងធ្វើការឆ្លើយតបក្នុងនោះរួមមានចំណាត់ការសេដ្ឋកិច្ច និងយោធា»។
គួររំលឹកថា នៅអំឡុងវិបត្តិមីស៊ីលនៅគុយបា ឆ្នាំ១៩៦២ ពិភពលោកបានស្ថិតនៅក្នុងមាត់ជ្រោះនៃសង្រ្គាមនុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក និងរុស្ស៊ី។ វិបត្តិនេះបានឈានដល់ចំណុចកំពូល ក្រោយរុស្ស៊ីដាក់ពង្រាយមីស៊ីលជាច្រើនគ្រាប់នៅគុយបា រីឯសហរដ្ឋអាមេរិកនៅកាលណោះ ក៏បានប្រកាសក្ដែងៗផងដែរថា ខ្លួននឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ កម្ទេចមីស៊ីលទាំងនេះ។ ក៏ប៉ុន្តែ នៅទីបំផុតមហាអំណាចទាំងពីរបែរជាលួចពិភាក្សាគ្នាជាសម្ងាត់បញ្ចប់ភាពតានតឹង ដោយមិនឱ្យភាគីណាមួយបាក់មុខនៅលើឆាកអន្តរជាតិ៕