(សេអ៊ូល)៖ បន្ទាប់ពីធ្វើសមយុទ្ធបាញ់មីស៊ីលចម្រុះតាមផ្លូវគោក និងផ្លូវអាកាសមិនអស់ចិត្ត កងទ័ពជើងទឹកកូរ៉េខាងត្បូងនាថ្ងៃអង្គារនេះ បានបើកការធ្វើសមយុទ្ធប្រើប្រាស់គ្រាប់ពិតទ្រង់ទ្រាយធំមួយទៀត នៅលើដែនសមុទ្រខាងកើត (សមុទ្រជប៉ុន) ក្រោយការបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរជាលើក ០៦ ដោយពុំមានការញញើតកោតក្រែងរបស់កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃអង្គារ ទី០៥ ខែកញ្ញា ឆ្នាំ២០១៧។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកូរ៉េខាងត្បូង នាវាយោធាជាច្រើនគ្រឿង រួមមានទាំងនាវាល្បាត, នាវាផ្ទុកមីស៊ីលប្រដេញ, នាវាចម្បាំង, និងកប៉ាល់ល្បឿនលឿនជាដើម បានចល័តនៅក្នុងសកម្មភាពសមយុទ្ធខាងលើ។ ជុំរិញការធ្វើសមយុទ្ធបាញ់គ្រាប់ពិតនេះ កងទ័ពជើងទឹកកូរ៉េខាងត្បូងបានបញ្ជាក់ថា «ប្រសិនបើសិនសត្រូវហ៊ានបង្ករឿង មិនថានៅក្រោម ឬក៏លើផ្ទៃទឹកនោះឡើយ យើងនឹងធ្វើការវាយប្រហារបកទៅវិញភ្លាមៗ ហើយពន្លិចសាកសពពួកគេចោល នៅក្រោមបាតសមុទ្រតែម្តង»។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទម្សិលមិញ យោធាកូរ៉េខាងត្បូងទើបតែបានធ្វើសមយុទ្ធបាញ់គ្រាប់ពិត នៃប្រព័ន្ធមីស៊ីលផ្លោង Hyunmoo-2A និងមីស៊ីលប្រដេញបាញ់ចេញពីយន្តចម្បាំង SLAM-ER ជាការឆ្លើយតបចំពោះ ការធ្វើតេស្តអាវុធនុយក្លេអ៊ែរលើកទី០៦ របស់ទីក្រុងព្យុងយ៉ាង កាលពីថ្ងៃអាទិត្យកន្លងទៅ។ ការបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរនេះទៀតសោត ត្រូវបានធ្វើឡើង តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយមធ្យមមួយគ្រាប់ រំលងពីលើដែនអាកាសប្រទេសជប៉ុន៕