(រ៉ង់ហ្គូន)៖ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេសមីយ៉ាន់ម៉ា លោកស្រី យ៉ាងហ៊ី លី (Yanghee Lee) បាននិយាយថា ចំនួនអ្នកស្លាប់នៅក្នុងអំពើហិង្សាជម្លោះ ជាតិសាសន៍រវាងជនជាតិដើមភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា និងកម្លាំងយោធាមីយ៉ាន់ម៉ា គិតចាប់តាំងពីថ្ងៃទី២៥ ខែសីហា មកបានកើនដល់ខ្ទង់១,០០០នាក់ ហើយ ខណៈមនុស្សជាង ២០,០០០នាក់ផ្សេងទៀតកំពុងជាប់គាំងនៅព្រំដែនបង់ក្លាដែស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃអង្គារ ទី០៥ ខែកញ្ញា ឆ្នាំ២០១៧។
យោងតាម លោកស្រី Yanghee Lee មនុស្ស ២០,០០០នាក់ ដែលព្យាមយាមរត់ចេញពីជម្លោះ កំពុងជាប់គាំងនៅតំបន់ព្រំដែនបង់ក្លាដែស ហើយបើគិតជាសរុបមនុស្សដល់ទៅ ៥០,០០០នាក់ បានរត់ភៀសខ្លួនឆ្លងកាត់ព្រំដែន ហើយដោយឡែក ៣០,០០០នាក់ បានទៅដល់គោលដៅរបស់ពួកគេ។ លោកស្រី Lee បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំត្រូវបានគេជូនដំណឹងថា មានមនុស្ស ៣០,០០០នាក់ បានទៅដល់ប្រទេសបង់ក្លាដែស រីឯ ២០,០០០នាក់ កំពុងជាប់គាំងនៅតំបន់ព្រំដែន»។
បន្ថែមពីលើនេះលោកស្រី ក៏បានរិះគន់យ៉ាងខ្លាំងលើយោធាមីយ៉ាន់ម៉ា និងជ័យលាភីភាពពានរង្វាន់ណូបែលសន្តិភាពលោកស្រី អោងសាន ស៊ូជី ផងដែរ សម្រាប់ការបរាជ័យក្នុងការការពារជនជាតិដើមភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា។ តែទោះជាយ៉ាងនេះក្ដី លោកស្រីនៅតែអះអាងថា តួរលេខដែលលោកស្រីទទួលបានពិបាក នៅក្នុងបញ្ជាក់ឱ្យបានច្បាស់ណាស់ ខណៈសារព័ត៌មានមីយ៉ាន់ម៉ា រាយការណ៍ថាមនុស្ស ៤០០នាក់ ភាគច្រើនជាជនជាតិរ៉ូហ៊ីងយ៉ាបានស្លាប់ គិតចាប់តាំងពីថ្ងៃទី២៥ ខែសីហាមក។
គួរបញ្ជាក់ថា បច្ចុប្បន្នជនជាតិដើមភាគតិចមូស្លីមរ៉ូហ៊ីងយ៉ាជាង ១.៥លាននាក់ បានតាំងទីលំនៅក្នុងរដ្ឋ រ៉ាឃីន (Rakhine) អស់រយៈពេលរាប់ទសវត្សរ៍ តែមិនត្រូវបានទទួលស្គាល់ជាពលរដ្ឋមីយ៉ាន់ម៉ាឡើយ។ អំពើហិង្សារវាងកម្លាំងរដ្ឋាភិបាល មីយ៉ាន់ម៉ា និងរ៉ូហ៊ីងយ៉ាបានផ្ទុះឡើងខ្លាំងតាំងតែពីឆ្នាំ២០១៦ មកម្ល៉េះ ហើយមកទល់ពេលនេះកុំថាឡើយលោកស្រី ស៊ូជី សូម្បីតែអង្គការសហប្រជាជាតិ ក៏ពុំទាន់អាចដោះស្រាយជម្លោះជាតិសាសន៍ដ៏រុំារ៉ៃនេះបានដែរ៕