អាកាសចរណ៍ឥណ្ឌា «ចុះចតខុសបច្ចេកទេស» បណ្តាលឲ្យរអិលចេញពីផ្លូវព្រលានតែម្តង!
05-09-2017 13:51
(ញូដេលី)៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិឥណ្ឌា Air India បានធ្វើការចុះចតខុសបច្ចេកទេសដោយជ្រុលហួសផ្លូវ នៅក្នុងអាកាសយានដ្ឋានអន្តរជាតិមួយកន្លែង នៅរដ្ឋ ឃើរ៉ាឡា (Kerala) ភាគខាតត្បូងប្រទេសអាស៊ីអាត្បូងមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០៥ ខែកញ្ញា ឆ្នាំ២០១៧។
យោងតាមអាជ្ញាធរអាកាសចរណ៍ស៊ីវិលប្រទេសឥណ្ឌា ហេតុការណ៍ខាងលើកើតឡើងនាថ្ងៃអង្គារនេះ នៅពេលដែលយន្តហោះអាកាសចរណ៍ Air India Express ដែលមានគោលដៅធ្វើដំណើរមកពីទីក្រុង អាប៊ូ ដាប៊ី (Abu Dhabi) បានចុះចតនៅឯព្រលានយន្តហោះអន្តរជាតិ កូឈី (Kochi) ក្នុងទីក្រុង Kochi នៃរដ្ឋ Kerala។ ស្របពេលដែលកំពុងឆ្ពោះសន្សឹមៗ ទៅកាន់ទីសំចតយន្តហោះមួយគ្រឿងនេះ បានជ្រុលធ្លាក់ចេញពីផ្លូវទៅក្នុងប្រព័ន្ធបង្ហូរទឹក នៅអាកាសយានដ្ឋាន។
គួរបញ្ជាក់ថា យ៉ាងណាមិញ អ្នកដំណើរទាំង ១០២នាក់ រួមនិងសហសេវិកចំនួន ០៦នាក់ ត្រូវបានជម្លៀសខ្លួនចេញពីយន្តហោះធុន Boeing 737-800 ដោយសុវត្ថិភាព ដោយក្រុមមន្រ្តីជំនាញ ហើយពុំមាននរណាម្នាក់បានទទួលរងគ្រោះនោះឡើយ នៅក្នុងហេតុការណ៍នេះ៕