(ប៉េកាំង)៖ ទីបំផុតក្រសួងការបរទេសចិននៅថ្ងៃអង្គារនេះ បានចេញសេចក្តីថ្លែងការណ៍គាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាប់ខ្លួនមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ដោយអ្នកនាំពាក្យក្រសួងការបរទេសចិន លោក ហ្គេង ហ្សង (Geng Shuang) បានថ្លែងច្បាស់ៗថា វាជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការការពារសន្តិសុខ និងស្ថិរភាពជាតិ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅមុននេះបន្តិច នៅព្រឹកថ្ងៃអង្គារ ទី០៥ ខែកញ្ញា ឆ្នាំ២០១៧។
ការបង្ហាញជំហរគាំទ្រពីសំណាក់ រដ្ឋាភិបាលទីក្រុងប៉េកាំងខាងលើនេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃអង្គារ។ ឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មានពាក់ព័ន្ធនឹងការចាប់ខ្លួន លោក កឹម សុខា ពីទោសក្បត់ជាតិ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បានលើកឡើងយ៉ាងច្បាស់លាស់យ៉ាងដូច្នេះថា «ប្រទេសចិនគំាទ្រចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការការពារសន្តិសុខ និងស្ថិរភាពសម្រាប់ប្រទេសជាតិ»។
ប្រកាសនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចរបស់ រាជរដ្ឋាភិបាលកម្ពុជា ចាត់វិធានការលើទង្វើក្បត់ជាតិរបស់ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ដែលបានឃុបឃិត ជាមួយសហរដ្ឋអាមេរិក ដើម្បីផ្តួលរំលំលើរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានបញ្ជាក់ថា សម្តេចនឹងលះបង់គ្រប់តម្លៃទាំងអស់ ដើម្បីការពារសន្តិភាពជូនជាតិ ដោយសម្តេចបានសង្កត់ធ្ងន់ថា សម្តេច និងប្រជាជនកម្ពុជាមិនអនុញ្ញាតឱ្យបរទេសប្រើប្រាស់ខ្មែរ ដើម្បីសម្លាប់ខ្មែរទៀតនោះទេ។
ក្នុងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវវិហារឥស្លាមជើមៀក នៅខេត្តកំពង់ចាម នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ សម្ដេចតេជោ ហ៊ុន សែន បានប្រកាស ចាត់វិធានការផ្លូវច្បាប់ ដើម្បីកម្ទេចចោលនូវពួក ឬក្រុមដែលចង់បំផ្លាញសន្ដិភាព និងសេចក្ដីរបស់ប្រទេសកម្ពុជា ដោយមិនអនុញ្ញាតឲ្យពួកក្បត់ជាតិទាំងនោះ រួចខ្លួនឡើយ ហើយក៏មិនអនុញ្ញាតឲ្យប្រព្រឹត្តតាមអំពើចិត្តដាច់ ទោះក្នុងតម្លៃណាក៏ដោយ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «សូមគោរពអធិបតេយ្យភាពរបស់កម្ពុជា មិនត្រូវប្រើប្រាស់វិធីផ្ដូលរំលំ តាមរយៈរបស់ដែលហៅថា បដិវត្តន៍ពណ៌ទេ ព្រោះអ្វីដែល បានកើតឡើង នៅឯមជ្ឈិមបូព៌ា»។
នាយករដ្ឋមន្ដ្រីកម្ពុជា ដ៏មានឥទ្ធិពលដឹកនាំប្រទេសកម្ពុជា រហូតមានសន្តិភាពពេញលេញ ក៏បានប្រកាសយ៉ាងដាច់ណាត់ទៀតថា «យើងត្រូវបន្ដចាត់វិធានការ ដើម្បីកំចាត់ចោល ពួកក្រុមដែលបំផ្លាញជាតិ បំផ្លាញសេចក្ដីសុខរបស់ប្រជាជន យើងមិនបានធ្វើបាបអ្នកណាទេ អ្នកណាធ្វើខុស អ្នកណុងទទួលខុសត្រូវ យើងមិនទៅបំផ្លាញសេចក្ដីសុខ របស់អ្នកណាទាំងអស់ តែយើងក៏មិនអនុញ្ញាតឲ្យអ្នកណាបំផ្លាញសេចក្ដីសុខរបស់ជាតិ និងប្រជាជនបាននោះទេ សេចក្ដីសុខនេះសម្រាប់យើងទាំងអស់គ្នា»។
និយាយដល់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីភាពជូរចត់ កាលអតីតកាលនៅឆ្នាំ១៩៧០ ដែលកាលនោះខ្លោចផ្សាខ្លាំងណាស់ ហើយក៏រងទុក្ខវេទនាផងដែរ ដូច្នេះពលរដ្ឋកម្ពុជាត្រូវឃើញចំណុចអស់ទាំងនេះ ជាមួយនឹងការឈានឡើងទៅមុខ ហើយអ្វីដែលជាតម្រូវការមុនគេ គឺការរក្សាសន្ដិភាពឲ្យខាងតែបាន ទោះដោយតម្លៃណាក៏ដោយ មិនអាចឲ្យបរទេសមកប្រើប្រាស់ជនជាតិខ្មែរ ដើម្បីសម្លាប់ខ្មែរតទៅទៀតនោះទេ។
សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅវេលាម៉ោងប្រមាណ១២៖៣៥នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅគេហដ្ឋានរបស់លោកស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពីបែកធ្លាយវីដេអូមួយបង្ហាញថា លោកបានអនុវត្ត តាមការបញ្ជារបស់សហរដ្ឋអាមេរិក ដើម្បីក្នុងការដណ្តើមអំណាចពីរាជរដ្ឋាភិបាលកម្ពុជាស្រប់ច្បាប់ប្រទេស ដែលកើតចេញពីការបោះឆ្នោត។
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧នេះ បានសម្រេចោទប្រកាន់ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» ដែលជាបទល្មើសមួយក្នុងអំពើក្បត់ជាតិ ក្នុងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះប្រឈមនឹងការដាក់ពន្ធនាគារពី១៥ ទៅ៣០ឆ្នាំ៕