(រ៉ង់ហ្គូន)៖ កងកម្លាំងសន្តិសុខរដ្ឋាភិបាលរបស់មាតាប្រជាប្រធិបតេយ្យ លោកស្រី អោងសាន ស៊ូជី បានអះអាងថា ក្រុមសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ា Arakan Rohingya Salvation Army (ARSA) បានដុតបំផ្លាញផ្ទះសម្បែងរាប់រាយខ្នង នៅអំឡុងពេលពួកគេដឹកនាំការវាយប្រហារលើភូមិមួយចំនួន នៅក្នុងទីក្រុងម៉ងត (Maungtaw) អស់រយៈពេលជាង ០២ថ្ងៃមកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី០៥ ខែកញ្ញា ឆ្នាំ២០១៧។
យោងតាមកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា ក្រុមសកម្មប្រយុទ្ធ ARSA បានដុតបំផ្លាញផ្ទះ ៥០ខ្នងនៅក្នុងភូមិ Aukpyuma, ១២០ខ្នងនៅភូមិ Ountaw ៩០ខ្នង នៅក្នុងភូមិ Dingar, Sawkeenama និងភូមិ Hontarya ខណៈនៅភូមិ Thinbawgwe ក៏មានសេចក្ដីរាយការណ៍ក្រុមសកម្មយុទ្ធនេះដុតផ្ទះ ៤០ខ្នង ផងដែរ បន្ទាប់ពីពួកគេបាញ់តបជាមួយកងកម្លាំងសន្តិសុខ។ តែយ៉ាងណាក៏ដោយអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេសមីយ៉ាន់ម៉ា លោកស្រី យ៉ាងហ៊ី លី (Yanghee Lee) បានរិះគន់យ៉ាងខ្លាំងលើយោធាមីយ៉ាន់ម៉ា និងជ័យលាភីភាពពានរង្វាន់ណូបែលសន្តិភាពលោកស្រី អោងសាន ស៊ូជី សម្រាប់ការបរាជ័យក្នុងការការពារជនជាតិដើមភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា។
គួរបញ្ជាក់ថា បើតាមអង្គការសហប្រជាជាតិ ជនជាតិមូស្លីមរ៉ូហ៊ីងយ៉ា ៨៧,០០០នាក់ បានរត់ភៀសខ្លួនទៅកាន់ព្រំដែនជាប់ប្រទេសបង់ក្លាដែស រីឯមនុស្សជិត ៤០០នាក់ ភាគច្រើនជា ជនជាតិរ៉ូហ៊ីងយ៉ា បានស្លាប់ដោយសារអំពើហិង្សារវាងកម្លាំងរដ្ឋាភិបាល និងកងជីវពលរ៉ូហ៊ីងយ៉ា ដែលផ្ទុះឡើងខ្លាំងកាលពីថ្ងៃទី២៥ ខែសីហាមក៕