(ហួស្ដុន)៖ អាជ្ញាធរអាមេរិកបានឱ្យដឹងថា មនុស្សស្លាប់អាចនឹងកើនដល់ ៦០នាក់ បានស្លាប់ នៅក្នុងគ្រោះទឹកជំនន់ដ៏អាក្រក់បំផុត នៅក្នុងប្រវត្តិសាស្ត្រអាមេរិក ដែលបង្កឡើងដោយខ្យល់ព្យុះហឺរីខិនហាវេយ (Hurricane Harvey) ហើយគ្រោះធម្មជាតិអាក្រក់នេះ កើតឡើងចំពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រេចចិត្តដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀង ទីក្រុងប៉ារីសស្ដីពីបម្រែបម្រួលអាកាសធាតុ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី០៥ ខែកញ្ញា ឆ្នាំ២០១៧។
យោងតាមអាជ្ញាធរនៅក្នុងតំបន់ មនុស្សទាំង ៦០នាក់ ខាងលើភាគច្រើនបានស្លាប់ មានជាប់ពាក់ព័ន្ធនឹងខ្យល់ព្យុះ Harvey ដែលបានបំផ្លិចបំផ្លាញផ្លូវ និងផ្ទះសម្បែងរាប់ម៉ឺនខ្នងរបស់ប្រជាជននៅក្នុងរដ្ឋតិចសាស់ យ៉ាងដំណំ។ តែយ៉ាងណាក៏ដោយ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្នើកញ្ចប់ថវិកាជំនួយជិត ៧ពាន់លានដុល្លារពីសភា ព្រមទាំងអនុញ្ញាតឱ្យ រដ្ឋាភិបាលសហព័ន្ធដកយកជំនួយ ៩០ភាគរយ នៃប្រាក់ជំនួយសម្រាប់សម្អាតទីក្រុងផងដែរ។
គួរបញ្ជាក់ថា ខ្យល់ព្យុះ Hurricane Harvey ដែលបានវាយប្រហារមកលើរដ្ឋតិចសាស់តាំងតែពីថ្ងៃទី២៥ ខែសីហា បានបង្កជាព្យុះដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិក អស់រយៈពេល ៥០ឆ្នាំមកនេះ ក៏ដូចជាបង្ខំឱ្យអាជ្ញាធរជម្លៀសមនុស្សជាង ១លាននាក់ ទៅកាន់កន្លែងមានសុវត្ថិភាព ខណៈផ្ទះជាង ២០០,០០០ខ្នង ត្រូវបានបំផ្លាញ រីឯទីក្រុងហួស្ដុន (Houston) រងគ្រោះ ធ្ងន់ធ្ងរជាងគេដោយខ្ពស់ទឹកភ្លៀងឡើងដល់កម្ពស់ ១.៤ម៉ែត្រឯណោះ៕