(តូក្យូ)៖ ព្រះនាង ម៉ាកុ (Mako) នៃប្រទេសជប៉ុន និងគូដណ្តឹង ដែលមានឋានៈត្រឹមជារាស្រ្តសាមញ្ញប៉ុណ្ណោះនោះ បានប្រកាសពីការភ្ជាប់ពាក្យរបស់អ្នកទាំងពីរនាពេលថ្មីៗនេះ ដែលប្រការនេះនឹងធ្វើឲ្យព្រះនាងម្ចាស់ បាត់បង់ឋានៈជាខ្សែរាជវង្ស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី០៥ ខែកញ្ញា ឆ្នាំ២០១៧។
ដូចទៅនឹងសមាជិកក្សត្រីយ៍ដទៃៗទៀត នៅក្នុងខ្សែរាជវង្សជប៉ុនដែរ ព្រះនាង Mako ដែលជាចៅស្រីច្បងរបស់ព្រះចៅអធិរាជ អាគីហ៊ីតុ (Akihito) នោះ សុខចិត្តលះបង់ងារជារាជវង្សរបស់ខ្លួន ដើម្បីរៀបអាពាហ៍ពិពាហ៍ជាមួយជនសាមញ្ញ នៅក្រោមប្រពៃណីក៏ដូចជាច្បាប់ដ៏ចម្បូងចម្រាសមួយ ដែលមិនត្រូវអនុវត្តន៍ទៅលើខ្សែរាជវង្សជាបុរសឡើយ។ ក៏ប៉ុន្តែនៅក្នុងសន្និសីទសារព័ត៌មាន ដែលធ្វើឡើង ដើម្បីប្រកាសពីការភ្ជាប់ពាក្យរបស់ព្រះនាង ព្រះនាង Mako បានមានព្រះបន្ទូលទៅកាន់ជនរួមជាតិជប៉ុនទាំងអស់ថា ព្រះនាងមានព្រះទ័យរីករាយជាខ្លាំងក្រៃលែង និងពុំមានការសោកស្តាយអ្វីទាំងអស់។
គួរបញ្ជាក់ថា គូដណ្តឹងរបស់ព្រះនាង មានឈ្មោះថា គៃ កូមូរ៉ុ (Kei Komuro) វ័យ ២៥ឆ្នាំ ដូចនឹងព្រះនាងដែរ និងធ្វើការនៅក្នុងក្រុមហ៊ុនច្បាប់មួយកន្លែងនោះ បានសុំព្រះនាង Mako ដែលជាបុត្រីច្បងរបស់ព្រះរាជទាយាទជប៉ុន ព្រះអង្គម្ចាស់ អាគីហ្ស៊ីណុ (Akishino) ជាបុត្រាទី២របស់ទ្រង់ Akihito រៀបការតាំងតែពីជាង ០៣ឆ្នាំ មុនមកម្ល៉េះ៕