(ញូយ៉ក)៖ អគ្គរដ្ឋទូតអាមេរិក​ប្រចាំអង្គការ​សហប្រជាជាតិ (UN) លោកស្រី នីកគី ហាលី (Nikki Haley) បានជំរុញឱ្យក្រុមប្រឹក្សា​សន្តិសុខ UN អនុម័តលើ​ទណ្ឌកម្មយ៉ាងខ្លាំងក្លា​បំផុត ប្រឆាំង​នឹងកូរ៉េខាងជើង សម្រាប់ការធ្វើតេស្ដ​បំផ្ទុះក្បាលគ្រាប់​នុយក្លេអ៊ែរ​ជាលើកទី០៦ កាលពី​ថ្ងៃអាទិត្យ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែកញ្ញា ឆ្នាំ២០១៧។

ការថ្លែងបែបបនេះ​របស់លោកស្រី ហាលី ធ្វើឡើងនៅអំឡុង​កិច្ចប្រជុំបន្ទាន់មួយ​នៃក្រុមប្រឹក្សា​សន្តិសុខ UN នៅថ្ងៃចន្ទនេះ​ពាក់ព័ន្ធនឹង​ការធ្វើតេស្ដអាវុធ​នុយក្លេអ៊ែរ ដែលទីក្រុង​ព្យុងយ៉ាង​អះអាងថា ជាគ្រាប់បែក​អ៊ីដ្រូសែន​បំពាក់លើមីស៊ីល​ឆ្លងទ្វីប ICBM ដែលក្រុមអ្នកជំនាញខ្លះថា បាញ់ដល់ដីគោករបស់សហរដ្ឋអាមេរិក។ លោកស្រី ហាលី បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ទៅកាន់​សមាជិកក្រុមប្រឹក្សា​សន្តិសុខ​ទាំងអស់ ខ្ញុំត្រូវតែនិយាយថា វាគ្រប់គ្រាន់​ណាស់​ទៅហើយ... វាដល់ពេល​វេលាសម្រាប់យើង​ទាំងអស់គ្នា​ ពង្រឹងវិធានការ​ការទូត​របស់យើង មុននឹងយឺត​ពេលជាង​នេះ... យើងត្រូវតែ​អនុម័តការដាក់​ទណ្ឌកម្ម​ដ៏ខ្លាំងក្លាបំផុត (ប្រឆាំងនឹង​កូរ៉េខាងជើង) ព្រោះវាគឺជា​វិធានការតែមួយគត់​អាចជួយយើង​ ដោះស្រាយបញ្ហានេះ​តាមផ្លូវការទូត»

គួររំលឹកថា កាលពីថ្ងៃអាទិត្យ នៅក្នុងកិច្ចសន្ទនា​តាមទូរស័ព្ទជាមួយនាយករដ្ឋ​មន្ត្រីជប៉ុន ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានអះអាង​ឡើងវិញថា ទីក្រុងវ៉ាស៊ីនតោន​ប្តេជ្ញាយ៉ាងមុត​មាំក្នុង​ការការពារ​សហរដ្ឋអាមេរិក រួមទាំងសម្ព័ន្ធមិត្ត​ពីការគំរាមកំហែង​របស់​កូរ៉េខាងជើង តាមរយៈវិធីសាស្រ្ត​គ្រប់បែបយ៉ាង ក្នុងនោះរាប់បញ្ចូល​ទាំងការប្រើប្រាស់អាវុធ​នុយក្លេអ៊ែរ​ផងដែរ។ ក៏ប៉ុន្តែ​ក្រុមអ្នកជំនាញ​មួយចំនួន យល់ថា ការប្រើប្រាស់កម្លាំងយោធា​លើកូរ៉េខាងជើង មិនងាយនឹង​កើតឡើងឡើយ ដោយសារតែកូរ៉េខាងជើង​ស្ថិតនៅលើទីតាំងភូមិសាស្ត្រ​នយោបាយ ដែល​ចិន និងរុស្ស៊ីត្រូវការ​ទីក្រុងព្យុងយ៉ាង​ជាចាំបាច់ ដើម្បីទប់ទល់​នឹងការពង្រីកឥទ្ធិពល​យោធាអាមេរិក៕